
ម្សៅកូនក្មេង ហុយៗពណ៌ស ក្រអូបឈ្ងុយ ដែលមានប្រើស្ទើរគ្រប់ផ្ទះ សម្រាប់លាបលើស្បែកទារកបង្ការភាពរលាក ឬសម្រាប់លើកសម្ផស្សការពារស្បែកចំពោះមនុស្សធំ ឬសម្រាប់លាបដៃរបស់អ្នកកីឡាលើកអាល់ទែ ។ល។ និង។ល។ ជាអ្វី? តើម្សៅដែលយើងទម្លាប់ហៅថាម្សៅកូនក្មេងនេះ មានអត្ថប្រយោជន៍ និងគ្រោះថ្នាក់យ៉ាងណាសម្រាប់សុខភាព?
លោកអ្នកប្រហែលនៅចាំបាន ការផ្សាយពាណិជ្ជកម្មម្សៅកូនក្មេង កាលពីប្រមាណ១០-២០ឆ្នាំមុន។ ពេលនោះ ម្សៅកូនក្មេង ពណ៌ស ក្រអូបឈ្ងុយ សឹងអាចចាត់ទុកថាជារបស់មិនអាចខ្វះបាន នៅក្នុងគ្រប់ផ្ទះ មិនមែនត្រឹមតែនៅផ្ទះដែលមានកូនទើបនឹងកើតទេ។ មនុស្សចាស់ មនុស្សធំ ក៏ធ្លាប់និងនៅបន្តប្រើម្សៅនេះច្រើនដែរ។ តើម្សៅនេះជាអ្វី?
ផ្សំឡើងដោយសមាសធាតុស៊ីលីកាត ដឺម៉ាញេស្យូម (រ៉ែក្នុងចង្កោមគ្រួសារដីឥដ្ឋ) ម្សៅកូនក្មេង ឬម្សៅTalc បើហៅតាមភាសាបារាំង មានប្រើតាំងពីបុរណបុរាណកាលដ៏យូរលង់មកហើយ នៅទូទាំងពិភពលោក មិនថានៅប្រទេសបារាំង នៅប្រទេសផ្សេងឬកម្ពុជាទេ។ ម្សៅTalc មានគុណសម្បត្តិពិសេស ខាងស្រូបជាតិសើម និងបំបាត់ក្លិន បំបាត់សំណើម ប្រឆាំងនឹងភាពកកិត ព្រមទាំងជួយស្បែកឱ្យមានភាពទន់ល្មើយទៀត។ គេសង្កេតឃើញមានការប្រើប្រាស់ម្សៅនេះជាពិសេស ចំពោះក្មេងតូច ទើបខ្មែរប្រើពាក្យថាម្សៅកូនក្មេង សម្រាប់រោយលាបនៅលើកំប៉េះគូថកូនងារ តាមគន្លាក់ដៃគន្លាក់ជើង តាមផ្នត់ស្បែក ក្រលៀន ក្រោមឃ្លៀករបស់ទារក ដើម្បីកុំឱ្យមានសំណើម និងភាពស្អិត និងដើម្បីបញ្ចៀសគ្រោះរលាកតាមស្នាមភ្លីស្បែកទាំងអស់នោះ។ ខ្លះទៀត បានយកម្សៅកូនក្មេងនេះទៅចាក់ក្នុងស្បែកជើង លាបជើងដើម្បីបំបាត់ក្លិន ឬដើម្បីសម្អាត បំបាត់ស្នាម ដោយចាក់ម្សៅលើក្រណាត់ប្រលាក់សារធាតុខ្លាញ់។ល។ និង។ល។
និយាយជារួម ក្រៅអំពីបម្រើនៅក្នុងផ្ទះ ជាប្រចាំថ្ងៃ ម្សៅតាល់ ក៏ជាគ្រឿងផ្សំសម្រាប់លើកសម្រស់ ជាគ្រឿងសំអាង បន្ទន់ស្បែក ឱ្យឡើងរលោង ទន់ល្អ ដូចស្បែកកូនក្មេង និងសាប៊ូកក់សក់ស្ងួត សម្រាប់ប្រឆាំងនឹងអាការៈឡើងខ្លាញ់សេប៊ុមនៅក្បាល និងសម្រាប់បង្កើនទម្ងន់សក់ ដោយយកម្សៅនេះទៅដាក់រោយលាបតាមជើងសក់ រួចច្របាច់ស្បែកក្បាលឱ្យសព្វដោយឱនក្បាល រួចងើបរលាស់ឡើងវិញជាការស្រេច។ វិស័យឧស្សាហកម្ម ក៏មានប្រើម្សៅតាក់នេះច្រើនដែរ។
ប៉ុន្តែម្សៅកូនក្មេងនេះក៏មានគុណវិបត្តិច្រើនដែរ និងធ្លាប់ឆ្លងកាត់រឿងអាស្រូវម្តងជាពីរម្តង។ នៅទសវត្សរ៍ឆ្នាំ១៩៧០ ឆ្នាំដែលមានប្រើម្សៅកូនក្មេងច្រើនខ្លាំង និងយ៉ាងពេញនិយមបំផុតនៅលើពិភពលោកនោះ ក៏ជាឆ្នាំដែលផ្ទុះរឿងអាស្រូវ និយាយជាលើកទីមួយ អំពីគ្រោះថ្នាក់នៃផលិតផលម្សៅតាល់ចំពោះសុខភាព។ កាលណោះម្សៅតាល់ជាប់ចោទ ថាមានផ្ទុកបាក់តេរីកំណាចចម្លងទៅទារកដែលប្រើម្សៅតាល់ ឱ្យមានជំងឺក្បាលធំ និងស្លាប់អស់ជាច្រើននាក់។ នៅឆ្នាំ១៩៨២ ក្រុមហ៊ុនឱសថអាមេរិក Johnson & Johnson បានទទួលស្គាល់
ជាលើកទីមួយដែរ អំពីគ្រោះថ្នាក់នៃផលិតផលម្សៅតាល់ ចំពោះសុខភាពទារក នៅពេលប្រើមិនត្រឹមត្រូវ តាមតំបន់រសើបៗងាយរងគ្រោះ។ នៅពេលនោះ ក្រុមហ៊ុននិងអាជ្ញាធរបានពន្យល់ថា គ្រោះថ្នាក់មិនមែនបង្កឡើងដោយសារធាតុរ៉ែតាល់ទេ គឺមកពីមានដីនៅតំបន់ជីកយករ៉ែតាល់នោះ ជាតិពុលផ្សេងទៀត ដូចយ៉ាងសារធាតុ អាមីញង់ ហើយដោយជាប់មកជាមួយ ទើបម្សៅតាល់អាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ដូច្នេះគេនៅតែអាចបន្តប្រើម្សៅតាល់បាន ប្រសិនបើគេដឹងប្រភពច្បាស់លាស់នៃរ៉ែតាល់ ដែលបើសុទ្ធល្អជាតាល់១០០% មិនជីកចេញពីទីតាំងភូមិសាស្ត្រមានជាតិពុលផ្សេងទេ នឹងគ្មានគ្រោះថ្នាក់ឡើយ។ ប៉ុន្តែតើធ្វើម្តេចនឹងដឹងថាម្សៅកូនក្មេងនោះ ធ្វើរ៉ែតាល់សុទ្ធគ្មានប្រលាក់ប្រលូសជាតិពុលផ្សេង?! នេះហើយជាបញ្ហា។
នៅឆ្នាំ២០២៤ រឿងអាស្រូវតាល់បានផ្ទុះឡើងកាន់តែធំ ជាថ្មីម្តងទៀត។ ការសិក្សារបស់ក្រុមអ្នកជំនាញនៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកអន្តរជាតិ ដែលជាស្ថាប័នរបស់អង្គការសុខភាពពិភពលោក បានចេញផ្សាយនិងប្រកាសតែម្តង នៅថ្ងៃទី៧កក្កដា ២០២៤ ក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ The Lancet Oncology ចាត់ទុក រ៉ែធម្មជាតិTalc ថាជាភ្នាក់ងារអាចបង្កជំងឺមហារីក សម្រាប់មនុស្ស។ អ្នកស្រាវជ្រាវបានលម្អិតថា តាមរយៈ ការបូកផ្សំភស្តុតាងជាច្រើនទៅ គេអាចសន្និដ្ឋានបានថាការប្រឈមនឹងសារធាតុតាល់ ជាគ្រោះមានកំរិត អាចនាំឱ្យមានជំងឺមហារីកនៅសរីរាង្គស្បូន សម្រាប់មនុស្ស តែគ្រប់គ្រាន់នឹងធ្វើឱ្យសត្វក្នុងមន្ទីរពិសោធន៍ឈឺមហារីកបាន។
បើតាមអ្នកជំនាញ ពាក្យថាប្រឈមនឹងជាតិរ៉ែតាល់ គឺអាចជាការប្រឈម នៅពេលគាស់ នៅពេលកិន និងនៅពេលចម្រាញ់ជាតិរ៉ែតាលឬនៅពេលផ្សំរ៉ែតាល់ធ្វើផលិតផលអ្វីមួយ។ នេះជាហានិភ័យដែលពាក់ព័ន្ធការងារ។ ចំណែកប្រជាជនទូទៅ អាចឆ្លងជាតិតាល់ចូលក្នុងខ្លួន តាមរយៈការប្រើប្រាស់ម្សៅជាផលិតផលសំអាងលាបលើខ្លូន លើស្បែក។ បើសារធាតុតាល់អាចហុយចូលតាមផ្លូវដង្ហើម អាចនឹងបង្កឱ្យមានហានិភ័យកើតជំងឺមហារីកនៅសួត។ បើប្រើលាបនៅក្រលៀនក្បែរប្រដាប់ភេទ វាអាចឆ្លងចូលនាំហានិភ័យកើតមហារីកនៅសរីរាង្គស្បូន។
នៅប្រទេសបារាំង គ្មានទេអនុសាសន៍ជាផ្លូវការទាក់ទងនឹងការប្រើប្រាស់ផលិតផលធ្វើពីរ៉េតាល់ តែអាជ្ញាធរសុខភាពបានសរសេរនៅក្នុងទំព័រវេសាយថា “កុំប្រើម្សៅតាល់ ព្រោះធាតុល្អិតអាចហុយហើរចូលដល់សួតរបស់ទារកបាន”។ នៅកាណាដា បានចេញសេចក្តី ណែនាំជាផ្លូវការនិងជាលាយលក្ខណ៍អក្សរថា ការប្រើប្រាស់ម្សៅកូនក្មេងតាល់ ក្នុងទម្រង់ជាម្សៅផាត់ ជាសាប៊ូកក់សក់ស្ងួត ជាម្សៅបំបាត់ក្លិននៅជើង និងលើស្បែក។ ផ្ទុយទៅវិញ ហានិភ័យចំពោះសុខភាពមានពីរយ៉ាងប៉ះពាល់ដល់សួតនិងប្រដាប់ភេទ បើម្សៅតាល់ហុយចូលខ្លួនពេលស្រូបដង្ហើម និងបើលាបប៉ះចូលដល់ប្រដាប់ភេទ។
បច្ចុប្បន្ន ម្សៅកូនក្មេងតាល់ មិនសូវពេញនិយមទេ និងក៏មិនមានតាំងដាក់លក់ពោរពាសដូចមុនដែរ។
តើមានផលិតផលជំនួសម្សៅតាល់ដែរឬទេ?
មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងការរលាក រោល និងការកកិត ម្សៅកូនក្មេងតាល់ធ្លាប់ជាផលិតផលដ៏ចាំបាច់ខ្លាំងសម្រាប់កូនងារ ប៉ុន្តែដោយយល់អំពីគ្រោះថ្នាក់នៃជាតិម្សៅនេះ អ្នកជាម្តាយច្បាស់ជាមិនហ៊ានប្រថុយប្រើ ហើយគិតគូរស្វែងរកផលិតផលផ្សេង មានគុណភាពដូច តែមិនបង្កគ្រោះថ្នាក់ មកជំនួស។ តើជាផលិតផលអ្វី? ជម្រើសបែបធម្មជាតិបំផុត គ្មានអ្វីប្រសើរជាង ម្សៅពោត ម្សៅសាគូ ម្សៅដំឡូង ឬម្សៅដីឥដ្ឋសទេ ព្រោះម្សៅទាំងអស់នេះមានរចនាសម្ព័ន្ធ និងមានប្រសិទ្ធភាពខ្ពស់ខាងស្រូបសំណើម ដូចម្សៅតាល់ដែរ។ ម្សៅក្នុងចង្ក្រានបាយ មានសមត្ថភាពប្រឆាំងនឹងជាតិសើម ហើយអាចជួយការពារថែបំប៉នស្បែកឱ្យទន់រលោងទៀត។ ជាជម្រើសដ៏ជាពិសេសសម្រាប់ស្បែកងាយរងអាល់ឡែហ្ស៊ី ដូចយ៉ាងស្បែកទារកនេះ។
ឡេអនាម័យ អាចជាជម្រើសមួយទៀត សម្រាប់បង្ការនិងនៅពេលមានករណីស្បែករោលរលាក ឡើងកន្ទួល នៅកំបេះគូថ ដែលក្តៅហប់ដោយស្លៀកខោទឹកនោម។ ក្រោយមុជទឹក ឬក្រោយការលាងសម្អាតគូថទារកហើយ ត្រូវជូនផ្តិតស្បែកឱ្យស្ងួតសព្វកន្លៀតកន្លុក រួចទើបលាបលនឡេតាមក្រោយ៕