តើ​ការ​ចិញ្ចឹមសត្វជាមិត្ត មាន​អត្ថប្រយោជន៍​យ៉ាងណា​ចំពោះ​សុខភាព?
09 April 2026

តើ​ការ​ចិញ្ចឹមសត្វជាមិត្ត មាន​អត្ថប្រយោជន៍​យ៉ាងណា​ចំពោះ​សុខភាព?

នាទីសុខភាពនិងអនាម័យ

About

ចិញ្ចឹម​​ឆ្កែ ឆ្មា ធ្វើ​ជាមិត្ត​ រស់​នៅក្នុង​ផ្ទះជាមួយ​ ឬ​មាន​កូន​អាង​ចិញ្ចឹម​ត្រី​ អាច​ប្តូរផ្លាស់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​បាន។ តើសត្វ​អាច​មាន​ទំនាក់ទំនង​យ៉ាងណាជាមួយ​មនុស្ស? តើការសត្វ​ចិញ្ចឹមជាមិត្តផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?

ការ​ចិញ្ចឹម​សត្វ​យក​មក​ធ្វើ​​ជា​មិត្ត ​រស់​នៅក្នុង​ផ្ទះ​ជាមួយ​ម្ចាស់ មិនសូវ​ពេញ​និយម​ទេ​នៅក្នុង​សង្គម​ខ្មែរ។ ខ្លះរើស​អើង​ព្រោះ​ជា​សត្វ ខ្លះ​ខ្លាច​ភាព​កខ្វក់ ខ្លះ​ខ្លាច​កើត​ហឺត ...

ប៉ុន្តែ​ការ​ចិញ្ចឹមសត្វ​​ធ្វើ​ជា​មិត្ត​​​ក្នុង​ផ្ទះ​អាច​ផ្តល់​អត្ថប្រយោជន៍​​ច្រើន​ដល់​សុខភាព ៖ សុខភាព​ផ្លូវកាយ ផ្លូវ​ចិត្ត និងសង្គម។ នៅ​ប្រទេសខ្លះ​ ​វេជ្ជ​សាស្ត្រ​បាន​បញ្ចូល​សត្វ​​ចិញ្ចឹម​ ទៅ​ក្នុង​ផ្នែក​មួយ​នៃ​ជួយ​​ព្យាបាលនិង​ថែទាំ​អ្នក​ជំងឺ​ផង។ គុណប្រយោជន៍​ការ​ចិញ្ចឹម​សត្វ​ជា​មិត្តចំពោះ​​​សុខភាព ត្រូវ​បាន​អនុម័តដោយ​​វិទ្យាសាស្ត្រ​ទៀត។ ​ការ​សិក្សា​ជា​ច្រើន​បាន​បញ្ជាក់អំពី​ឥទ្ធិពល​វិជ្ជមាន​នៃ​សត្វ​ចិញ្ចឹម​ជាមិត្ត​។ ប៉ុន្តែការ​ចិញ្ចឹម​សត្វ​មិន​ផ្តល់​គុណប្រយោជន៍​ចំពោះ​សុខភាព ជា​លក្ខណៈ​​ស្វ័យប្រវត្តិ​ប្រវត្តិ​ទេ។ ​វា​អាស្រ័យ​ជាពិសេស​ទៅលើ​ទំនាក់ទំនង​ជាមួយ​សត្វ​ចិញ្ចឹម​ផង និង​ទៅលើ​ការ​គោរព សុខុមាលភាព​របស់​សត្វ​នោះ​ផង។  នេះ​បើ​តាម​ការ​ពន្យល់​បំភ្លឺ​របស់​លោក​ Jean-Marc Poupard បណ្ឌិត​ផ្នែក​នរវិទ្យា​ និង​ជា​នាយក​​ផ្នែក​ទំនាក់ទំនង​មនុស្ស​សត្វ​ នៅសកលវិទ្យាល័យ​ Paris Cité។

សត្វ​ចិញ្ចឹម​និង​ឥទ្ធិពល​ចំពោះ​សុខភាព​ផ្លូវ​កាយ

សត្វ​ចិញ្ចឹម មិន​​គ្រាន់​តែជា​មិត្តដើម្បី​​រស់​កំដ​គ្នា​ទេ តែ​ថែម​ទាំង​អាច​ដើរ​តួនាទីសំខាន់​ក្នុង​លំនឹង​ជីវិត​របស់​ម្ចាស់​ទៀត​ផង។ ទោះ​ជា​ម្ចាស់​រស់​នៅ​តែឯង ឬ​ជា​គ្រួសារ​មាន​គ្នា​ច្រើន គ្នា​តិច​​ ជា​ក្មេង​ឬ​ជា​ចាស់​ក៏​ដោយ ក៏​វត្តមាន​នៃ​សត្វ​ចិញ្ចឹមក្នុងផ្ទះ​​អាច​ជះ​ឥទ្ធិពល​ល្អ​ច្រើន​ចំពោះ សុខភាព​ដែរ។

ចំពោះក្មេង ក៏​ដូច​ជា​មនុស្ស​ធំ មាន​​សត្វ​ក្នុង​ផ្ទះ​ ជាពិសេស​សត្វ​ឆ្កែ​ ជា​កត្តា​បង្កើន​សកម្មភាព​ផ្លូវកាយ​ និង​កាត់​បន្ថយ​ភាព​ស្ពឹក​ស្រពន់។ នាំ​ឆ្កែ​ទៅ​ជុះ​ ប្រលែងលេង​ជាមួយ​ឆ្មា ​ដាក់​ចំណី​ឱ្យត្រី សម្អាត​លាង​ទ្រុង​សត្វ ... បាន​បន្ថែមការងារ ភាព​​​សកម្ម​តិចតួច​ជា​រៀង​រាល់​ថ្ងៃ ដល់​ម្ចាស់​។ សកម្មភាព​តិច​តួច ​ល្មមៗ​ តែ​ថេរជា​រៀង​​រាល់​ថ្ងៃ ​ជា​ប្រការ​ល្អ​សម្រាប់​សុខភាព​ បេះ​ដូង សរសៃ​ឈាម​បេះ​ដូង។ មនុស្ស​ចាស់មាន​សត្វ​​ចិញ្ចឹម​ជា​មិត្ត​ មាន​គ្រោះ​ហានិភ័យ​កើត​ជំងឺ​​លើស​ឈាម​ទាប​ និង​មិន​សូវ​មាន​ផល​វិបាក​បង្ក​ឡើង​ដោយ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​បេះ​ដូង​ទេ។ ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា រស់​ជាមួយ​សត្វ​ អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាមនិង​ចង្វាក់​បេះដូង  ព្រោះ​ការ​អង្អែល ការ​ចំណាយ​ពេលមើល​ថែ​​នៅ​ជាមួយ​សត្វ​​អាច​ជួយ​លួង​លោម​ខ្លួន​យើង​ឱ្យបានស្ងប់ ​ធូរ​ល្ហែល្ហើយ ​ដែល​អាច​ជួយការពារ​​បេះ​ដូង​​ និងសរសៃ​ឈាម​បេះ​ដូង នា​ថ្ងៃ​អនាគត បន្ថែម​ពី​លើ​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ។

លូត​លាស់​ធំ​ដឹង​ក្តី​ជាមួយ​សត្វ​ចិញ្ចឹម​ក្នុង​ផ្ទះ​ ប្រៀប​ដូច​ជា​បាន​បង្ហាត់​សរីរាង្គ​ខ្លួន​ប្រាណ​ឱ្យ​ជួប​នឹងមីក្រុបស្លូតៗផ្សេងៗ​ ដែល​នឹងទៅ​​ជួយ​ប្រព័ន្ធ​ការពារ​ខ្លួន ជា​ពិសេស​ប្រព័ន្ធការពារ​ខ្លួន​របស់​ក្មេងតូចៗ​​​ឱ្យ​ចេះ​ទប់​ទល់​នឹង​ការ​បៀតបៀន​មក​ពីក្រៅ។ មាន​ន័យ​ថា​ក្មេង​កើត​និង​រស់​ជាមួយ​សត្វចិញ្ចឹម​ មាន​ហានិភ័យ​កើត​ជំងឺហឺត ជំងឺ​អាល្លែហ្ស៊ី​ទាប។ ប៉ុន្តែ​សូម​ប្រយ័ត្ន ! ត្រូវ​ចិញ្ចឹម​សត្វ​ដោយ​ការ​គោរព​ ដោយ​ផ្ចិត​ផ្ចង់​ ប្រកប​ដោយ​អនាម័យ ទើប​អាច​ទាញ​យកគុណប្រយោជន៍​នេះ​បាន។

​ចំណុច​សំខាន់​មួយទៀតនៃ​​ការ​ចិញ្ចឹម​សត្វ​ជា​មិត្ត​រស់​ក្នុង​ផ្ទះ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នោះ​ គឺ​ការ​​កាត់​​ស្ត្រេស និង​កង្វល់។ លេង​ជាមួយ​ឆ្កែ អង្អែល​សត្វ​ឆ្មា មើល​កូន​ទន្សាយ​ដេក មើល​ត្រីក្រិម​រត់​ប្រដេញ​គ្នា​ទឹក កាយវិការ​សាមញ្ញៗ​ជាមួយ​សត្វ​ចិញ្ចឹម​ទាំងអស់​នេះ​បាន​ជួយ​បញ្ចុះអត្រា​ជាតិ​​Cortisone ដែល​គេ​ហៅថា​​អរមូនស្ត្រេស ពី​ក្នុង​ខ្លួន​យើងបាន។ ការ​សិក្សា​បាន​បង្ហាញ​ថា គ្រាន់តែ​សំឡឹង​​មើល​ឆ្កែ​ឱ្យ​ចំ​ ក៏អាចធ្វើ​ឱ្យ​ខ្លួន​យើងបញ្ចេញ​ជាតិ​​អូស៊ីតូស៊ីន ដែល​ជាអរមូន​សម្រួល ​ឱ្យ​មានអារម្មណ៍កក់​ក្តៅ ​ទុក​ចិត្ត​ យោគយល់ ចង់​រាប់អាន​ និងសម្រួល​យន្តការ​​សុខុមាលភាព​​ជា​ទូទៅ​។

ការសិក្សារបស់​អ្នក​ស្រាវជ្រាវ​​ស្វ៊ីស និង​ជប៉ុន បាន​បង្ហាញ​ថា​ក្នុង​រយៈ​ពេល​បិទ​ខ្ទប់​ប្រទេស​ដោយ​ហេតុមា​ន​រោគ​រាតត្បាត​​កូវី​ដ​-១៩​ ក្មេង​មាន​សត្វ​ចិញ្ចឹម​នៅជាមួយ​​អា​ច​គេ​ងលក់​ស្រួល និងមាន​គុណភាព​ដំណេក​ល្អ​​ជាង​ក្មេង​គ្មាន​សត្វ​ជា​មិត្ត។ ក្នុង​ពេល​ធម្មតា ជាពិសេស​នៅ​ពេល​ល្ងាច​ វត្តមាន​សត្វ​អាច​ជួយ​មនុស្សខ្លះឱ្យ​​មាន​អារម្មណ៍​នឹង​ន​ល្អ​ មិន​សូវ​ខ្លាច​ ទើប​ពួក​គាត់​អាច​សម្រាន្ត​លក់​ស្រួល​។

សត្វ​ចិញ្ចឹម​និង​ទំនាក់ទំនង​សង្គម​

សត្វ​មិនចេះ​ថាឱ្យ​​ មិន​ចេះ​​វាយ​តម្លៃ​ម្ចាស់​ទេ។ សត្វ​ស្រលាញ់​ម្ចាស់​ដោយ​គ្មាន​លក្ខខណ្ឌ​ ដោយ​គ្មាន​គិត​អាយុ គិត​ពី​អារម្មណ៍​ និង​ការ​លំបាក​របស់​ម្ចាស់​ឡើយ។ ជា​ការ​ស្រលាញ់​ដោយ​ស្មោះ​ត្រង់​ ទើប​ធ្វើ​ឱ្យ​ម្ចាស់មាន​អារម្មណ៍ថា​​មាន​អ្នក​រង់​ចាំ មាន​អ្នក​ត្រូវ​ការ មិនមែន​រស់​គ្មាន​តម្លៃ​ទេ។ មាន​សត្វចិញ្ចឹម​​ក្នុង​ផ្ទះ​ ប្រៀប​ដូច​មាន​គ្នា​ ពោល​គឺ​ជាផ្នែក​មួយ​នៃ​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ឯកា។

​ចិញ្ចឹម​ឆ្កែ ឆ្មា ទន្សាយ​ សត្វស្លាប ឬ​ក៏​ត្រីក្រិម ​នៅ​ក្នុងផ្ទះ​ អាច​ប្តូរផ្លាស់​ទម្លាប់ ដោយ​ជួយរក្សា​បញ្ញា​ស្មារតី​ឱ្យ​នៅ​រហ័ស​រហួន។ ចិញ្ចឹម​សត្វ​ត្រូវ​មើល​ថែ ​ត្រូវ​ចេះ​រៀប​ចំ​ពេល​វេលា​មួយ​ចំនួន​ដូចជា ត្រូវ​គិត​គូរឱ្យ​​ចំណី​ នាំ​ចេញ​ដើរ​ក្រៅ​ នាំ​ទៅជុះ ថែ​សម្អាតមុជ​ទឹក​ឱ្យ​ នាំ​ទៅ​ពេទ្យ... ការងារ​នេះ​តម្រូវ​ឱ្យ​ម្ចាស់​ប្រុង​ប្រយ័ត្នស្មារតី​ ប្រឹង​ចាំ ប្រឹង​ប្រើ​ខួរក្បាល​ ដែល​ជាការ​​ល្អ​ខ្លាំង​ណាស់​សម្រាប់មនុស្ស​ចាស់​ចូល​ដល់​វ័យ​ជរា។

ក្រៅ​អំពីបំប៉ន​ខួរក្បាល​ ការ​ចិញ្ចឹម​សត្វ​ជា​មិត្ត​ក៏ជា​ឱសថព្យាបាលភាព​​អឹមអៀន។ បណ្តើរ​សត្វដើរ​លេង​​ជា​មធ្យោបាយ​ដ៏​ល្អ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ជាមួយអ្នក​មិន​ស្គាល់​។ ​និយាយ​សួរ​នាំ​ពី​ ​ឆ្កែ​ ពី​ឆ្មា ពី​សេក​ ពី​សេះ ... ដែល​យើង​ចិញ្ចឹម​ ជា​ប្រធានបទ​ដែល​ស្រួល​ជាង​សួរ​នាំ​ពីជីវិត​ការងារ​របស់​មនុស្ស​ណាម្នាក់។ អ្នកស្រាវជ្រាវ​ខ្លះ​ បាន​លើក​ឡើង​អំពី​គុណប្រយោជន៍​នៃ​ការ​ចិញ្ចឹម​សត្វ​​ចំពោះ​ការ​សិក្សា ដោយ​ពន្យល់​ថា ក្មេង​ជួប​ការ​លំបាក​រៀន​មិន​សូវ​ចេះ​ អាច​រក​ឃើញ​សេចក្តីក្លាហាន​ឡើង​វិញ​ នៅ​ពេល​បាន​ហាត់​រៀន​អាន រៀន​និយាយ​ជាមួយ​សត្វ​ដែល​ខ្លួន​ចិញ្ចឹម​ ព្រោះ​សត្វ​មិន​ចេះ​វាយ​តម្លៃ​ មិន​ចេះ​បន្ទោស​ ឬ​បង្អាប់​ទេ។ នៅក្នុង​ពេល​កំពុង​រៀន វត្តមាន​សត្វ​មិន​ត្រឹម​តែ​អាច​ជួយ​ក្មេង​ឱ្យ​ចេះ​ផ្ចង់​អារម្មណ៍​រៀន​ទេ តែ​ថែម​ទាំង​អាច​បន្ធូរ​សម្ពាធ​និង​ធ្វើ​សមត្ថភាព​សិក្សា​បាន​ប្រសើរ​ឡើង​ទៀត។

បើ​តាម​លោក​បណ្ឌិត Jean-Marc Poupard ដដែល​ ​ការ​ចិញ្ចឹម​សត្វ​ជាមិត្ត​ អាច​ផ្តល់​គុណប្រយោជន៍ ជាពិសេស​ខុសៗ​គ្នា​ទៅ​តាម​វ័យ។ ចំពោះ​កុមារ មាន​សត្វ​ជាមិត្ត​ជាការ​បង្រៀន​ឱ្យ​ក្មេង​ឆាប់​ចេះ​យោគយល់​ និង​គោរព​សេចក្តី ត្រូវ​ការរបស់​សត្វ ព្រមទាំង​ឆាប់​ចេះ​មាន​ទំនួល​ខុស​ត្រូវ​​​ផ្នែក​ថែទាំ​ប្រចាំ​ថ្ងៃ​។ ទំនាក់ទំនង​ជាមួយ​សត្វ​នឹង​ធ្វើ​ឱ្យ​ក្មេង​ឆាប់​ចេះ​និយាយ​ ចេះ​គិត​ស្រមៃ​ច្រើន។

ចំពោះ​មនុស្សចាស់​ជរា​ ការមើល​ថែ​សត្វ​ ជា​ការ​ធានាឱ្យ​មាន​សកម្មភាព​ប្រចាំ​ថ្ងៃ​ មិន​សូវ​មាន​អារម្មណ៍​ឯកា​នៅ​តែ​ឯង​ពេក និង​ជា​ប្រភព​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ប្រឹង​នៅ​សកម្មមើល​ថែ​មិត្ត បើ​ទោះ​បី​ជា​គ្នា​ជា​សត្វ​ក៏​ដោយ។

អ្នកមាន​សុខភាព​ទន់​ខ្សោយ​ឬ​មាន​ពិការភាព​ នឹង​បាន​ទទួល​ការគាំទ្រ​ផ្លូវ​ចិត្ត​និង​អារម្មណ៍​ធូរ​ស្បើយ​ភ្លាម​បើ​បាន​នៅ​ជាមួយ​សត្វ​ដែល​ខ្លួន​ស្រលាញ់។ ទំនាក់ទំនង​ល្អ​ជាមួយ​សត្វ​ជា​មិត្ត​សម្លាញ់ នឹង​ពង្រឹក​ទំនុក​ចិត្ត​ព្រម​ទាំង​ស្វ័យភាព​របស់ម្ចាស់​​ពិការ​នោះ។ សត្វ​ខ្លះ​ជា​ជំនួយ​ការ ជា​អ្នក​នាំពាក្យ​ ជា​អ្នក​ផ្សារ​ភ្ជាប់​ទំនាក់ទំនាក់ជាមួយ​មនុស្ស​ដទៃ​ធ្វើ​ឱ្យ​ម្ចាស់​ភ្លេច​ភាព​ពិការ​របស់​ខ្លួន​បានខ្លះ។

ចំណែក​ប្រភេទ​សត្វ​ចិញ្ចឹម ក៏​អាច​ផ្តល់​គុណប្រយោជន៍​សុខភាព​ខុសៗ​គ្នាដែរ។ គ្មាន​សត្វ​ណា​ល្អ​ប្រសើរ​ជាង​គេបំផុត​សម្រាប់​សុខភាព​ទេ តែយក​ឆ្កែ​ជាមិត្ត​នឹង​ជួយ​ឱ្យ​មាន​ភាព​ស្វាហាប់ បញ្ចេញ​សកម្មភាព​កាយ​សម្បទា​ អារម្មណ៍​​ជិត​ស្និទ្ធ​ខ្លាំង។ ចិញ្ចឹម​ឆ្មា​ នាំ​មក​នូវ​ភាពស្ងប់​ស្ងាត់​ក្នុង​អារម្មណ៍​និង​ភាព​ស្រទន់​ក្នុង​ផ្ទះ។ ចិញ្ចឹម​ត្រី ទន្សាយ​ ...បង្កើត​ភាព​លួង​លោម​ប្រចាំ​ថ្ងៃ។ល។

ប៉ុន្តែ​ជា​ថ្មី​ម្តងទៀត គុណប្រយោជន៍ដ៏​ច្រើន​យ៉ាង​​នៃសត្វ​​ចិញ្ចឹម​សម្រាប់​សុខភាព អាច​សម្រេច​ទៅ​បាន​អាស្រ័យ​ទៅលើ​ទំនាក់ទំនង​រវាង​សត្វ​និង​ម្ចាស់។ បើ​ចិញ្ចឹម​ដាក់​ក្រៅ​ផ្ទះ គ្មាន​ការ​ថែទាំ​ គ្មាន​យក​ចិត្ត​ទុកដាក់ ប្រកប​ដោយ​អនាម័យ​ ជា​រៀង​រាល់​ថ្ងៃ​​ទេ គុណប្រយោជន៍​ចំពោះ​សុខភាពក៏​គ្មាន​ដែរ៕