
អ្នកលើសខ្លាញ់-ទឹកនោមផ្អែម អាចបរិភោគស៊ុតដោយគ្មានហានិភ័យឬ?
នាទីសុខភាពនិងអនាម័យ
កូឡេស្តេរ៉ុល ជាខ្លាញ់ដ៏ចាំបាច់សម្រាប់ដំណើរការរបស់សរីរាង្គកាយ។ តែបើអត្រាកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់ ឬលើស គេត្រូវប្រយ័ត្នរឿងហូបចុក ដោយត្រូវចៀសវាងអាហារមួយចំនួន។ តើស៊ុតជាប់ឈ្មោះក្នុងបញ្ជីអាហារត្រូវចៀសដែរឬទេ? តើអ្នកមានបញ្ហាលើសជាតិខ្លាញ់ និងទឹនោមផ្អែម ពិតជាត្រូវប្រុងប្រយ័ត្នក្នុងការបរិភោគស៊ុតមាន់ស៊ុតទាឬ? ស៊ុតនាំឱ្យឡើងជាតិខ្លាញ់កូឡេស្តេរ៉ុល មែនទេ? តើការសិក្សាវិទ្យាសាស្ត្រពន្យល់យ៉ាងណាដែរ?
នៅប្រទេសបារាំង ការបរិភោគស៊ុត បានកើនឡើងជាលំដាប់។ ទិន្នន័យនៃការសិក្សាបានបង្ហាញកាន់តែច្រើនឡើងៗថា ស៊ុតមិនមែនជាអាហារអាក្រក់សម្រាប់សុខភាពទេ តែជាប្រភពផ្តល់ជាតិប្រូតេអ៊ីនដ៏ល្អ។
គុណសម្បត្តិនៃស៊ុត
មានតម្លៃថោក ងាយស្រួលចម្អិន សម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងមីក្រូជីវជាតិសំខាន់ៗ នៃអាហារូបត្ថម្ភ ស៊ុតជាអាហារដ៏ល្អខ្លាំងណាស់។ ប្រូតេអ៊ីនរបស់ស៊ុត មានគុណភាពល្អនិងខ្ពស់ខ្លាំងជាងគេ។ ល្អខ្លាំង និងជាងប្រូតេអ៊ីនរបស់សាច់សត្វ ឬសាច់ត្រីទៅទៀត ព្រោះប្រូតេអ៊ីនរបស់ស៊ុតផ្ទុកសារធាតុអាស៊ីតអាមីណេ ដ៏សំខាន់ចាំបាច់ទាំង៩មុខដែលសរីរាង្គកាយមនុស្សត្រូវការ ក្នុងបរិមាណដ៏សមាមាត្របំផុត ដើម្បីបង្កើតសាច់ដុំ ដើម្បីបណ្តុះកោសិកាស្បែក សក់ ក្រចក ដុះឡើងវិញ ព្រមទាំងដើម្បីជួយកោសិកានៃប្រព័ន្ធការពារខ្លួន ប្រព័ន្ធរំលាយអាហារ។ ស៊ុតតែ១គ្រាប់ អាចផ្តល់ជាតិប្រូតេអ៊ីនបាន៦ក្រាម ឬបីគ្រាប់ក្នុងថ្ងៃអាចបំពេញសេចក្តីត្រូវការរបស់សរីរាង្គកាយបានមួយភាគបី សម្រាប់ស្ត្រីដែលមានទម្ងន់៦០គីឡូក្រាម។
ស៊ុតមានផ្ទុកសារធាតុអាហារូបត្ថម្ភម្យ៉ាងដែលមានឈ្មោះថា កូលីន Choline។ កូលីនមានប្រយោជន៍ជាអ្នកបង្កើតមូលេគុលនៅក្នុងខួរក្បាលដែលអាចជួយចម្រើនផ្នែកចងចាំ ឬអាចនិយាយបានថាស៊ុតជាអាហារបង្ការសុខភាពខួរក្បាលផ្នែកបញ្ញានិងចូលរួមចំណែកជួយដល់ថ្លើម។ ហេតុផលដ៏ល្អមួយទៀត ដែលក្រុមគ្រូពេទ្យណែនាំឱ្យទទួលទានស៊ុតនោះ គឺស៊ុតបណ្តុំវីតាមីន៖
ក្នុងស៊ុតមានស្ទើរគ្រប់ប្រភេទនៃវីតាមីនB សំខាន់ជាងគេគឺវីតាមីនB12- B9 ដែលចាំបាច់ខ្លាំងណាស់សម្រាប់ផលិតគ្រាប់ឈាមក្រហម និងសម្រាប់ដំណើរការដ៏រលូននៃប្រព័ន្ធសរសៃប្រសាទ។
វីតាមីន A, D, E K មានតួនាទីជាអង់ទីអុកស៊ីដង់ជួយការពារថែរក្សាគំឃើញ និងប្រព័ន្ធកោសិកា ព្រមទាំងប្រព័ន្ធការពារខ្លួន
ស៊ុតមានផ្ទុកសារធាតុដែក ផូស្វ័រ zinc Sélénium ដែលជាអង់ទីអុកស៊ីដង់ដ៏ចម្បងនិងដ៏សំខាន់សម្រាប់សុខភាពឆ្អឹង និងជាជំនួយឱ្យឆាប់ជាសះ។
ប៉ុន្តែស៊ុតក៏ជាប្រភពផ្គត់ផ្គង់កូឡេស្តេរ៉ុលដ៏ចម្បង និងជាអាហារដែលមានជាតិកូឡេស្តេរ៉ុលខ្ពស់ជាងបំផុតដែរ។ ស៊ុតក្រហម មានផ្ទុកកូឡេស្តេរ៉ុលដល់ទៅជិត២០០មីល្លីក្រាម ឬត្រូវជាជាងពាក់កណ្តាលនៃសេចក្តីត្រូវការប្រចាំថ្ងៃ (៣០០មីល្លីក្រាម) របស់មនុស្សម្នាក់ៗ។ ហេតុដូច្នេះហើយបានជានៅទសវត្សរ៍ឆ្នាំ៧០ ស៊ុតត្រូវបានគេចាត់ទុកជាសត្រូវលេខមួយ សម្រាប់បេះដូង។ តែឥលូវអ្នកវិទ្យាសាស្ត្រលែងហ៊ានអះអាងច្បាស់ៗដូច្នេះទៀតហើយ។ ពេលវេលាកន្លង ការសិក្សាកាន់តែច្រើនៗឡើងៗ បានលាតត្រដាងឱ្យឃើញថា ស៊ុត ឬចំណីអាហារមិនប្រាកដជាធ្វើឱ្យអ្នកបរិភោគឡើងកូឡេស្តេរ៉ូលទេ តែ៨០%នៃកូឡេស្តេរ៉ុលបណ្តាលមកពីថ្លើមជាអ្នកបំប្លែង និងអាស្រ័យខ្លាំងទៅលើភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ អមដោយកត្តាពូជបន្ថែមផង។ មានន័យថា ប្រសិនបើអ្នកជាមនុស្សងាយឡើងកូឡេស្តេរ៉ុល នោះបរិភោគតែមួយ តែពីរ ក៏ឡើងដែរ។ ផ្ទុយទៅវិញបើអ្នកមិនបរិភោគស៊ុតព្រោះជំនឿខ្លាចឡើងកូឡេស្តេរ៉ុល នោះជាការគិតខុសទៅវិញទេ។ ឈប់ឬតមបរិភោគស៊ុត តែងាកទៅសាច់សត្វ និងអាហារកែច្នៃផ្សេងទៀត ដើម្បីប្រមូលផ្តល់ប្រូតេអ៊ីន នឹងបង្កគ្រោះថ្នាក់ និងធ្វើឱ្យអត្រាកូឡេស្តេរ៉ុលកាន់តែអាក្រក់ទៅវិញទេ។
មនុស្សម្នាក់ៗកើតមកមិនដូចគ្នាទេ! និងកាន់តែមិនស្មើភាពគ្នាទៀត លើផ្នែកសុខភាព។ អ្នកខ្លះហូបច្រើនមិនធាត់ ខ្លះបរិភោគតែច្រើនបន្តិចក៏ឡើងគីឡូភ្លាម។ ឯបញ្ហាកូឡេស្តេរ៉ុលដោយសារអាហារក៏ដូចគ្នា។ កូឡេស្តេរ៉ុលរបស់ស៊ុតអាចគ្មានឥទ្ធិពលអ្វីប៉ះពាល់ដល់កូឡេស្តេរ៉ុលក្នុងឈាមទេ សម្រាប់មនុស្សមួយភាគធំ។ ការសិក្សាចេញផ្សាយនៅឆ្នាំ១៩៩១ជាឧទាហរណ៍ ជាក់ស្តែងបញ្ជាក់ថា មានករណីមនុស្សទទួលទានស៊ុតដល់ទៅជាង២០គ្រាប់ក្នុងមួយថ្ងៃ ដោយគ្មានឡើងអត្រាកូឡេស្តេរ៉ុលទេ។ ឯមនុស្សខ្លះទៀត ឡើងកូឡេស្តេរ៉ុលខ្លាំងភ្លាម ដោយគ្រាន់តែទទួលទានស៊ុតតែពីរបីគ្រាប់ក្នុងសប្តាហ៍សោះ។
នៅពេលដឹងខ្លួនថាមានបញ្ហាកូឡេស្តេរ៉ុល ឬលើសជាតិខ្លាញ់ក្នុងឈាម ច្បាស់ណាស់ដែលអ្នកត្រូវប្រុងប្រយ័ត្នរឿងចំណីអាហារ។ សម្រាប់អ្នកលើសជាតិខ្លាញ់ ពួកគាត់មិនហ៊ានបរិភោគស៊ុតទេ ឬពិសាតែស៊ុតស ដោយខ្លាចឡើងជាតិខ្លាញ់នៅក្នុងឈាម។ ប៉ុន្តែនេះជាជំនឿខុសទាំងស្រុង។ ស៊ុតស គឺជាប្រូតេអ៊ីនសុទ្ធ។ ឯស៊ុតលឿង ជាបណ្តុំវីតាមីន (អា ដេ អឺ) និងអង់ទីអុកស៊ីដង់ដែលការពារប្រសីភ្នែក និងដែលជាអ្នកពន្យឺតភាពទ្រុឌទ្រោមនៃកែវភ្នែកទៅតាមវ័យ។ ដូច្នេះវាពិតជាគួរឱ្យស្តោកស្តាយណាស់ដែលយើងជ្រើសរើសទទួលទានស៊ុតតែផ្នែកសនោះ។
តើគួរបរិភោគស៊ុតប៉ុន្មានគ្រាប់ក្នុងមួយថ្ងៃ?
ចំពោះអ្នកមានសុខភាពល្អ មានអត្រាកូឡេស្តេរ៉ុលធម្មតា គេអាចបរិភោគស៊ុតបានប្រមាណពី ៥ទៅ៦គ្រាប់ក្នុងមួយសប្តាហ៍(មួយគ្រាប់ក្នុងមួយថ្ងៃ ឬពីរគ្រាប់ជារៀងរាល់ពីរថ្ងៃម្តង)។ នៅប្រទេសបារាំង អាជ្ញាធរជាតិផ្នែកសុវត្ថិភាពសុខភាពបានចេញអនុសាសន៍ណែនាំឱ្យទទួលទានស៊ុតបានរហូតដល់៧គ្រាប់ផងក្នុងមួយសប្តាហ៍ ព្រោះមានការសិក្សាធំៗជាច្រើនបានបញ្ជាក់ថាការទទួលទានស៊ុតល្មមសមរម្យ -មួយទៅពីរគ្រាប់ក្នុងមួយថ្ងៃ- មិនបង្កើនហានិភ័យកើតជំងឺសរសៃឈាមបេះដូងទេ សម្រាប់អ្នកមានសុខភាពល្អ។ តែត្រូវកំរិតត្រឹម៤គ្រាប់ក្នុងមួយសប្តាហ៍ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមជាប់នឹងខ្លួន។ អ្នកមានអត្រាកូឡេស្តេរ៉ុលខ្ពស់ ក៏គួរប្រយ័ត្ន ត្រឹមបួនគ្រាប់យ៉ាងច្រើនបំផុតក្នុងមួយអាទិត្យបានហើយ។ ដូច្នេះសូមស្វែងរកជំនួយពីគ្រូពេទ្យ ដើម្បីវាយតម្លៃអំពីផលវិបាកនិងឥទ្ធិពលនៃការទទួលទានស៊ុត ចំពោះជាតិខ្លាញ់ក្នុងឈាមកូឡេស្តេរ៉ុល ព្រោះមនុស្សម្នាក់ៗរងឥទ្ធិពលមិនដូចគ្នាទេ !
ចំពោះស្ត្រីមានផ្ទៃពោះវិញ ស៊ុតជាអាហារដ៏ល្អសម្រាប់ម្តាយផង និងការលូតលាស់របស់ទារកក្នុងផ្ទៃផង។ សូមជ្រើសរើសយកមកធ្វើម្ហូបតាមការចូលចិត្ត ប៉ុន្តែត្រូវចម្អិនស៊ុតឱ្យបានឆ្អិនល្អ។ ស្ត្រីមានគភ៌ ត្រូវចៀសវាងកុំបរិភោគស៊ុតឆៅ ឬមិនសូវឆ្អិន (ជ័រព្នៅ) ព្រោះវាអាចមានសល់បាក់តេរីកាចៗ ដូចយ៉ាង Listeriose Salmonelle ដែលមាននៅក្នុងចំណីអាហារសាច់ជាច្រើនមុខ និងដែលអាចបង្កឱ្យមានករណីពុលអាហារ ក្អួតរាគ ក្តៅខ្លួន ឈឺសាច់ដុំ ដល់ស្ត្រីម្តាយ និងធ្វើឱ្យទារកក្នុងផ្ទៃលូតលាស់យឺត កើតមុនខែ រលូត ស្លាប់ក្នុងពោះ ឬរលាកស្រោមខួរក្បាល៕