
នៅថ្ងៃទី១៧ដល់ថ្ងៃទី១៩ធ្នូ អង្គការសុខភាពពិភពលោកបានបើកជំនួបកំពូលលើកទីពីរ ស្តីពីវេជ្ជសាស្ត្របុរាណ នៅប្រទេសឥណ្ឌា។ អង្គការសុខភាពពិភពលោកបានទទួលស្គាល់ថា វេជ្ជសាស្ត្របុរាណជាចង្កោមចំណេះដឹង សមត្ថភាព និងជាការព្យាបាលដែលឈរលើក្បួន លើជំនឿ និងបទពិសោធន៍ផ្ទាល់។ វេជ្ជសាស្ត្របុរាណត្រូវបានគេចាត់ទុកជាវេជ្ជសាស្ត្រស្រទន់ ជាជម្រើសបន្ថែមមួយទៀតនៃការព្យាបាលថែទាំសុខភាព។ នៅក្នុងចំណោមវេជ្ជសាស្ត្របុរាណជាច្រើននៅលើពិភពលោក វេជ្ជសាស្ត្របូរាណចិន មានអាយុចាស់ជាងគេបំផុតមួយ តើវេជ្ជសាស្ត្របុរាណចិន មានគុណសម្បត្តិនិងលក្ខណៈពិសេសយ៉ាងដូចម្តេចខ្លះ?
វិធីព្យាបាលបែបបុរាណ ជាទម្លាប់ប្រពៃណីរបស់ជនជាតិដើម ជនជាតិភាគតិច ឬក្បួនថែទាំសុខភាពតាំងពីដូនតា ជាផ្នែកមួយនៃការរស់នៅប្រជាពលរដ្ឋនិងសហគមន៍នានា តាំងពីជាច្រើនសតវត្សរ៍មកហើយ និងបន្តមានចំណែកសំខាន់ក្នុងជីវភាពសុខភាពប្រចាំថ្ងៃ តាមបណ្តាប្រទេសនិងតំបន់ជាច្រើននៅលើពិភពលោក។
វេជ្ជសាស្ត្របុរាណកំពុងក្លាយជាបាតុភូតពិភពលោក។ សេចក្តីត្រូវការ និងការងាកទៅរកឱសថបុរាណ ដើម្បីទ្រទ្រង់សុខភាពនិងផាសុកភាព បានកើនឡើងយ៉ាងខ្លាំង។ ជាក់ស្តែង បើតាមអង្គការសុខភាពពិភពលោក ក្នុងចំណោមសមាជិកសរុបទាំង១៩៤ប្រទេស មាន១៧០បានប្រកាសប្រើឱសថបុរាណផលិតពីរុក្ខជាតិ ការប្រើម្ជុលវិទ្យាសាស្ត្រ យូហ្កា និងវិធីព្យាបាលបែបជនជាតិ ព្រមទាំងទម្រង់ផ្សេងទៀតនៃវេជ្ជសាស្ត្របុរាណ។ ប្រទេសទាំងអស់នោះ បានទទួលស្គាល់វេជ្ជសាស្ត្របុរាណជាធនធានដ៏មានតម្លៃ ហើយមានវិធានការបញ្ចូលវេជ្ជសាស្ត្របុរាណ ដូចជារបៀប ព្យាបាល ផលិតផលថ្នាំបុរាណ និងគ្រូបុរាណ ទៅក្នុងប្រព័ន្ធសុខាភិបាលជាតិ។
អង្គការសុខភាពពិភពលោក ក៏បានទទួលស្គាល់អំពីភាពចម្រុះនៃវេជ្ជសាស្ត្របុរាណ ជាវេជ្ជសាស្ត្របំពេញបន្ថែម និងអាចយកទៅប្រើនៅក្នុងប្រទេសផ្សេងនៅលើពិភពលោក ដើម្បីចូលរួមចំណែកទ្រទ្រង់សុខភាព ក្នុងទម្រង់ជាការថែទាំសុខភាពសម្រាប់បុគ្គលដោយចំពោះ និងក៏ជាផ្នែកមួយនៃប្រព័ន្ធសុខភាពសកលមួយដែរ។ បញ្ចូលវេជ្ជសាស្ត្រទៅក្នុងប្រព័ន្ធសុខាភិបាលដ៏សមស្រប អាចជួយលើកកម្ពស់សុខភាព និងកំរិតនៃការព្យាបាលសុខភាពបឋម។ ហេតុដូច្នេះហើយបានជាអង្គការសុខភាពពិភពលោកត្រៀមលក្ខណៈជួយប្រទេសដែលចង់មានវេជ្ជសាស្ត្របុរាណ ឱ្យសម្រេចបំណងបាន ដោយមានវិទ្យាសាស្ត្រជាបង្អែក។
តើវេជ្ជសាស្ត្របុរាណជាអ្វី?
វេជ្ជសាស្ត្របុរាណចិន មានវ័យចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក និងមានអាយុលើសពី៥ពាន់ឆ្នាំ។ កាលពីឆ្នាំ២០១០ យូនេស្កូបានបញ្ចូលវេជ្ជសាស្ត្របុរាណចិន ជាបេតិកភ័ណ្ឌវប្បធម៌អរូបិយរបស់មនុស្សជាតិ។ នៅឆ្នាំ២០១៩ អង្គការសុខភាពពិភពលោកបានបញ្ចូលផ្នែកខ្លះនៃវេជ្ជសាស្ត្របុរាណចិន ទៅក្នុងបញ្ជីបែងចែងប្រភេទជំងឺអន្តរជាតិទៀត។
នៅក្នុងប្រពៃណីចិន អ្វីៗវិលតែ នៅជុំវិញកម្លាំងគ្រឹះមួយ គឺថាមពល។ បើតាមគោលការណ៍វេជ្ជសាស្ត្របុរាណចិន ថាមពលជាអ្នកចម្រើនកោសិកាក្នុងការបំបែកពង្រីកចំនួន ធ្វើឱ្យរុក្ខជាតិ និងសភាវៈមានជីវិតបង្កើនបរិមាណ។ ថាមពលជារបស់មើលមិនឃើញ មិនអាចប៉ះបាន ហើយអាចដឹងតាមរយៈឥទ្ធិពលរបស់វាតែប៉ុណ្ណោះ។ នៅក្នុងផ្នត់គំនិតចិន ថាមពល ជាអ្នកទ្រទ្រង់ដំណើរការរបស់ខ្លួនប្រាណនិងសតិ។ ដើរ គិត អារម្មណ៍ទទួលដឹង ... អាចប្រព្រឹត្តទៅបានដោយសារថាមពលនេះឯង។ ថាមពល ជាចរន្តរត់ជាប់ឥតដាច់ តាមខ្សែ ក្នុងពេញមួយខ្លួនប្រាណ។ ខ្សែថាមពលជាបណ្តាញមិនច្បាស់លាស់ ដែលមានចំណុចជាច្រើន មិនតិចជាង៣៦១ចំណុចទេ។ ជាចំណុចសម្រាប់ចុចចាក់ម្ជុល ដើម្បីបានជា។ នៅពេលមានថាមពលគ្រប់គ្រាន់ ហើយចរន្តថាមពលរត់ស្រួល នោះសរីរាង្គកាយយើងនឹងមានសុខភាពល្អ។ ផ្ទុយទៅវិញ បើថាមពលត្រូវរាំងស្ទះ កកនៅកន្លែងណាមួយនៅនឹងមានជំងឺលេចឡើងហើយ។
ខ្លួនប្រាណមនុស្សលែងមានលំនឹងផ្នែកថាមពល ឬថាមពលរត់មិនស្រួល បណ្តាលមកពីកត្តាក្រៅខ្លួន ដូចជាវីរ៉ុស ឬស្ត្រេស និង កត្តាក្នុងខ្លួន ដែលបណ្តាលមកពីមានសរីរាង្គណាមួយខូច ដំណើរការមិនប្រក្រតី។ ដើម្បីសម្រួលបញ្ហានេះ ក្បួនវេជ្ជសាស្ត្របុរាណចិន រំពឹងលើមធ្យោបាយ៥៖
- លើម្ជុល (ការចាក់ម្ជុលវិទ្យាសាស្ត្រ) លំហាត់ថាមពល ដោយត្រូវហាត់ប្រាណធ្វើចលនា តាមក្បួន ឈីកុង និងតៃឈី របបអាហារ ឱសថ និងម៉ាស្សា
ចិនមានប្រវត្តិ មានក្បួនផ្សំឱសថ ដែលមានអាយុកាលដ៏ចំណាស់ខ្លាំង តាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ។ គ្រឿងផ្សំប្រើក្នុងវេជ្ជសាស្ត្របុរាណចិន អាចជារុក្ខជាតិ ជារ៉ែ និងអាចជាសត្វ។ ប៉ុន្តែរុក្ខជាតិផ្សំដ៏ល្បីល្បាញ និងស្គាល់ខ្លាំងជាងគេ គឺខ្ញី យិនស៊ិន។ បើតាមអ្នកជំនាញចិន ខ្ញីមិនមែនជាអាហារប៉ូវបំប៉នដំឡើងតណ្ហាទេ តែជាអាចជួយកិនរំលាយអាហារ និងជួយធាក់បញ្ចេញសំណល់ស្ទះនៅតាមទងសួត។ យិនស៊ិន មានគុណភាពល្អ អាចជួយទាំងផ្នែកផ្លូវកាយនិងបញ្ញា ការចងចាំនិងជួយបង្កើនការផ្ចង់អារម្មណ៍ឱ្យបានប្រសើរឡើង។
និយាយជារួម ក្នុងក្បួនវេជ្ជសាស្ត្របុរាណចិន រុក្ខជាតិនីមួយៗ មានថ្នាក់ មានក្រុម ដែលគេញែកចែកជាផ្នែកៗ និងតាមប្រភេទ យ៉ាងច្បាស់លាស់។ ដំបូងទៅតាមប្រភេទនៃរសជាតិ ៖ ជូរ ចត់ ល្វីង ហិរ ស្រទន់ និងប្រៃ។ បន្ទាប់មក គេបែងចែករុក្ខជាតិទៅតាមសណ្ឋានធម្មជាតិ ត្រជាក់ ក្តៅ ល្មម ឬស្រស់។
ឱសថមួយមុខៗ មានផ្សំទៅដោយរុក្ខជាតិច្រើនយ៉ាង ដែលមានតួនាទី និងឋានៈកំណត់យ៉ាងត្រឹមត្រូវក្នុងក្បួន។ រុក្ខជាតិជាគ្រឿងផ្សំគោលគេ សម្រាប់ព្យាបាលអាការៈសញ្ញារោគចម្បងគេនៃជំងឺ មានឈ្មោះថាអធិរាជ។ រុក្ខជាតិមន្ត្រី សម្រាប់ជួយគ្រឿងផ្សំគោល។ ជាជំនួយការសម្រាប់ទប់ស្កាត់ផលវិបាកនៃរុក្ខជាតិគោល។ ចុងក្រោយរុក្ខជាតិទូត មានតួនាទីដឹកនាំឱសថទៅកាន់តំបន់ឈឺ។ របៀបរៀបចំផ្សំឱសថ ក៏សំខាន់ខ្លាំងណាស់ដែរ ក្នុងក្បួនវេជ្ជសាស្ត្របុរាណចិន។ របៀបផ្សំខុសគ្នា ដូចដោយអប់ផ្សែង រុំទឹកឃ្មុំ ឬហាលសម្ងួត ឬដោយការស្ងោចម្អិនក្នុងទឹក អាចផ្តល់លទ្ធផលខុសគ្នា។ គ្រឿងផ្សំតែមួយអាចផ្តល់គុណប្រយោជន៍ផ្សេងគ្នា និងប្រែប្រួលទៅតាមរបៀបរៀបចំផ្សំឱសថ។
ថ្វីបើឱសថបុរាណចិន ច្រើនតែផ្សំឡើងដោយរុក្ខជាតិក៏ដោយ ក៏យើងត្រូវប្រុងប្រយ័ត្នខ្លាំងដែរ។ ឱសថបូរាណចិនមិនមែនជាក្បួនសម្រាប់ផ្សំប្រើដោយខ្លួនឯង នៅផ្ទះខ្លួនឯងទេ។ គ្រឿងផ្សំមានច្រើនមុខលាយបញ្ចូល ដោយមានខ្នាតរង្វាស់ច្បាស់លាស់ជាពិសេស។ ហើយបើមានឈ្មោះថាជាថ្នាំ សម្រាប់ព្យាបាល មិនថាថ្នាំពេទ្យឬថ្នាំបុរាណ សុទ្ធតែមានហានិភ័យពុល ដោយចៀសមិនរួចឡើយ។
រុក្ខជាតិឱសថខ្លះ បានការទទួលស្គាល់ពីតាមបែបវិទ្យាសាស្ត្រ តែគ្រឿងផ្សំខ្លះទៀត ដែលកុយរមាស ឬស្រកាពង្រូល ពុំមានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់អំពីគុណប្រយោជន៍ពិសេសក្នុងការព្យាបាលជំងឺទេ។
ឱសថបូរាណចិន មិនអាចជំនួសវេជ្ជសាស្ត្រសម័យទេ ! គឺអាចត្រឹមប្រើអមបន្ថែមដើម្បីទទួលបានលទ្ធផលល្អ ឆាប់ជា៕