សូកូ ផៃ៖​ពួកខ្មែរក្រហមមិនអាច​កម្ទេច​លុបចោល​បំបាត់ដានឧក្រិដ្ឋកម្មរបស់ខ្លួន ដ្បិតតែស្នាដៃរបស់សិល្បករ
08 May 2026

សូកូ ផៃ៖​ពួកខ្មែរក្រហមមិនអាច​កម្ទេច​លុបចោល​បំបាត់ដានឧក្រិដ្ឋកម្មរបស់ខ្លួន ដ្បិតតែស្នាដៃរបស់សិល្បករ

បទយកការណ៍

About

រូបគំនូរមនុស្ស​ត្រូវគេរុំភ្នែក ចាប់ចងអូសបណ្តើរជាខ្សែចូល​មន្ទីរស ២១ (គុកទួលស្លែង) ​ទាំងយប់​ងងឹត។ ​នៅមុខ​កាមេរ៉ា​របស់​សមិទ្ធិករ ប៉ាន់ រិទ្ធី​ អតីត​មេគុកទួលស្លែង​ ឌុច បាន​ពន្យល់ពីដំណើរការ​សួរចម្លើយអ្នកទោស។ រូបគំនូររបស់​វ៉ាន់ណាត អ្នករួចរស់ជីវិត​ពីគុកទួលស្លែង និងខ្សែភាពយន្ត​ឯកសារ​របស់​ប៉ាន់ រិទ្ធី រឿង "ឌុច គ្រូលត់ដំ​នៅឋាននរក" មិនមែន​គ្រាន់តែ​រូបភាព សាច់រឿងកុន​ដែលគេ​មើល​រួចហើយចប់នោះទេ ប៉ុន្តែ វា​ជា​សក្ខីកម្ម​លាតត្រដាង​​អំពើឃោឃៅ​ ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​ក្នុង​របបខ្មែរក្រហម។ លោកស្រី សូកូ ផៃ សាស្រា្តចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត​សិល្បៈនៅ​សកលវិទ្យាល័យ ប៉ារីស៍ ទី​៨ ​បាន​ចំណាយពេល​សិក្សា ស្រាវជ្រាវ​១៨ឆ្នាំ អំពី​ការងាររបស់​សិល្បករនៅចំពោះមុខ​អំពើព្រៃផ្សៃ ដែល​ខ្មែរក្រហម​ព្យាយាម​លុបបំបាត់​ចោល​មិនឲ្យគេឃើញដាន។ "កម្ពុជា សិល្បៈនៅចំពោះមុខ​អំពើព្រៃផ្សៃ ពីលោកប៉ាន់ រិទ្ធី​រហូត​ដល់​យុវជន​ជំនាន់ក្រោយ" ជាសៀវភៅ​ដែលលោកស្រី​សូកូ ផៃ​ទើប​សរសេរចប់ និងបោះពុម្ពផ្សាយ​កាលពី​ខែ​មេសា។