សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ ប្រកាស​ជោគជ័យ​រៀងៗ​ខ្លួន ក្រោយ​សម្រេចបាន​​បទ​ឈប់​បាញ់
08 April 2026

សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ ប្រកាស​ជោគជ័យ​រៀងៗ​ខ្លួន ក្រោយ​សម្រេចបាន​​បទ​ឈប់​បាញ់

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

About

សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​ប្រកាស​សម្រេច​បាន “​បទ​ឈប់​បាញ់​​” រយៈ​ពេល​ពីរ​សប្តាហ៍ ជា​ថ្នូរ​នឹង​ការ​បើក​​ច្រក​សមុទ្ទ​អកមូហ្ស​ឡើង​វិញនៅ​​ថ្ងៃ​ពុធ​ទី​៨មេសា​ ​​​មុន​ផុត​ឱសានវាទរបស់​លោក​ត្រាំដែល​គំរាម​កម្ទេច​អ៊ីរ៉ង់​និង​អរិយធម៌​ពែក្សឱ្យ​ខ្ទេចបន្តិច។ ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ក៏​បាន​បញ្ជាក់​អំពី​ការព្រមព្រៀង​ឈប់​បាញ់ និង​ការ​​ធានា​សុវត្ថិភាព​ចរាចរណ៍​នៅ​ច្រក​អកមូហ្ស​ ដែល​ជា​ប្រភព​ឆ្លង​កាត់​ប្រេង​ឆៅ​២០%​​នៃ​សេចក្តី​ត្រូវ​ការ​ពិភពលោក កាលពី​ពេល​មុន​សង្គ្រាម។ តើ​បទ​ឈប់​បាញ់​​នេះ​ជា​ជោគជ័យ​របស់​នរណា?

ជាង​៥​សប្តាហ៍​នៃ​ការ​វាយប្រហារ​ឥត​ស្រាកស្រាន្ត​លើ​អ៊ីរ៉ង់ និង​នៅ​៩០​នាទី មុន​ផុត​ឱសានវាទ ដែលគំរាម​កម្ទេច​អ៊ីរ៉ង់ឱ្យ​ខ្ទេចខ្ទី​នោះ​​ លោក​ត្រាំ​​បាន​ប្រកាស​រក​ឃើញ​កិច្ចព្រមព្រៀង​ឈប់​បាញ់ សម្រាប់​រយៈ​ពេល​ពី​រ​សប្តាហ៍។ បើតាម​សំដី​លោក​ត្រាំ អ៊ីស្រាអែលក៏​​ទទួល​យក​បទ​ឈប់​បាញ់​ជាមួយ​អ៊ីរ៉ង់​ដែរ ​តែ​​មិនព្រម​​បញ្ឈប់​សកម្មភាព​វាយប្រហារ​លើ​​ចលនា​ហេសបូឡា​លីបង់ ​​នៅលីបង់​ទេ។

ជា​ថ្នូរ​មក​វិញ អ៊ីរ៉ង់សុខ​ចិត្ត​​​បើក​ច្រកសមុទ្ទ​អកមូហ្ស​ទាំង​ស្រុង​​ឡើង​វិញ និង​ភ្លាមតែ​ម្តង​ ​ហើយ​ការពារ​សុវត្ថិភាព​ចរាចរណ៍​កាត់​តាម​ច្រកយុទ្ធសាស្ត្រ​នេះ​ទៀត។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោក​ដូណាល់​ត្រាំ​ដដែល ដោយ​បញ្ជាក់​ថា​ បទ​ឈប់​បាញ់​ប្រសូត​ចេញ​បាន ក្រោយ​មាន​ជំនួប​សន្ទនាជាមួយ​ប្រមុខ​ដឹកនាំ​ប៉ាគីស្ថាន។ ​

ប៉ាគីស្ថាន​ជាប្រទេស​​អន្តរការី​ បាន​បញ្ជាក់​អំពី​ដំណើរ​ការ​​ចរចា​ ​អាមេរិក-អ៊ីរ៉ង់​​​ ដែល​នឹង​ចាប់ផ្តើម នៅ​​ថ្ងៃ​សុក្រ​ទី​១០​មេសា នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ។ ការ​ចរចា​ត្រូវ​ធ្វើ​ដោយ​​ផ្អែក​លើ​សំណើ​​១០​ចំណុច​របស់​អ៊ីរ៉ង់ ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​សង្គ្រាម​។

​សំណើ​១០​ចំណុច​របស់​អ៊ីរ៉ង់

បើ​តាម​​សារព័ត៌មាន​ផ្លូវការ​និង​ទូរទស្សន៍​ជាតិ​អ៊ីរ៉ង់ ឧត្តម​​ក្រុម​ប្រឹក្សា​សន្តិសុខ​​នៃ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ បាន​ស្នើ​ទៅ​សហរដ្ឋ​អាមេរិក​នូវ​ផែនការ​១០​ចំណុច ដោយ​តម្រូវ​ឱ្យ​៖

-សហរដ្ឋ​អាមេរិក​ ​ព្រម​ទទួល​យក និង​ធានាគោរព​ គោលការណ៍​​មិន​ឈ្លានពាន​អ៊ីរ៉ង់

-អ៊ីរ៉ង់​​បន្ត​គ្រប់គ្រង​ច្រក​សមុទ្ទ​អកមូហ្ស

-អាមេរិក​ត្រូវ​ព្រម​​ឱ្យ​អ៊ីរ៉ង់​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម

-លើកទណ្ឌកម្ម​ទាំងអស់​ចេញ​ពីអ៊ីរ៉ង់ ទណ្ឌកម្ម​ដំបូង និង​ទណ្ឌកម្ម​បន្ទាប់​បន្សំ

-រំសាយ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

-រំលាយ​គ្រប់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អភិបាល

-សង​ថ្លៃ​ខូចខាតឱ្យ​​ប្រទេស​អ៊ីរ៉ង់

- ដក​កងទ័ព​ប្រយុទ្ធ​របស់អាមេរិក​ទាំង​អស់​ចេញ​ពី​តំបន់​

-បញ្ឈប់​សង្គ្រាម​ប្រឆាំង​នឹងអ៊ីរ៉ង់​លើ​គ្រប់​សមរភូមិ​រាប់​ទាំងសង្គ្រាម​ប្រឆាំង​នឹង​ចលនា​តស៊ូ​អ៊ីស្លាម​នៅ​លីបង់។

សំណើ​១០ចំណុច​របស់​​អ៊ីរ៉ង់នេះដែល​ធ្លាប់​ខ្ទាស់​នៃ​ការចរចា​លើក​មុន ត្រូវ​បាន​លោក​ត្រាំ​ ​ចាត់​ទុកនៅថ្ងៃនេះ​ថា​​ជា​ផែនការគ្រឹះ​នៃ​កិច្ច​ចរចា​ដែល​​អាច​សម្រេច​បាន នៅ​​​ពីរ​សប្តាហ៍នៃ​ការ​ចរចា​នៅ​ប៉ាគីស្ថាន។

លោក​ដូណាល់ត្រាំ​ និងអ៊ីរ៉ង់​​ ​​ប្រកាស​ ជោគជ័យ រៀង​ៗ​ខ្លួន

ក្រោយ​ប្រកាសបទ​​ឈប់​បាញ់ ភាគី​ទាំងពីរបានលើក​ឡើង​អំពី​​ជោគជ័យ​ ​រៀង​ៗខ្លួន។

លោក​ត្រាំ​បានស្រែក​ថានៅក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ង់ លោកបាន​ទទួល​​ “ជោគជ័យ​ទាំង​ស្រុង និង​យ៉ាង​ពេញ​លេញ” ដោយ​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដែល​​​ភាគី​អ៊ីរ៉ង់​ព្រម​ទទួល​យក​។ សម្រាប់​លោក​ត្រាំ ដែល​បាន​ប្តូរ​សំឡេង​ពីការ​គំរាម​កម្ទេច​អរិយធម៌​អ៊ីរ៉ង់ឱ្យ​ខ្ទេច​នៅ​ថ្ងៃ​ម្សិលមិញ មក​ជា​ការ​ប្រកាស​បទ​ឈប់​បាញ់​និង​ការ​ចរចា​ គឺ​ជា​ជោគជ័យ ​ព្រោះ​ លោក​មិន​បាន​បញ្ចប់​ឱសានវាទ​ដោយ​ដៃ​ទទេ​ ហើយ​ក៏​មិន​បាន​បន្ត​ជម្លោះ​តាម​ទំនើង​ដោយ​គ្មានយុទ្ធសាស្ត្រ​ ​ទៀត​ដែរ។ តែ​លោកប្រធានាធិបតី​អាមេរិក​​បាន​រក​ឃើញ​ច្រក​ចេញ​ និង​អាច​ដើរ​ចេញ​ពី​សង្គ្រាមនៅ​អ៊ីរ៉ង់​​បាន។

តាមរយៈ​​បទ​ឈប់​បាញ់ លោក​ត្រាំ​អាច​បន្ត​អួត​អាង​បាន​ថា យុទ្ធសាស្ត្រ​ប្រើ​ឱសានវាទ គំរាម បាន​ធ្វើ​ឱ្យ​អ៊ីរ៉ង់​ខ្លាច​ ព្រម​ចុះ​ចាញ់ ព្រម​ចូល​ចរចា ព្រម​បើក​ច្រក​សមុទ្ទ​អកមូហ្ស។

ប៉ុន្តែ​ពាក្យ​គំរាម​កម្ទេច​អ៊ីរ៉ង់​ឱ្យ​រលត់​រលាយ​មិន​បាន​សម្រេច​ទេ។ ទោះ​បី​បាញ់​ប្លោង​លើ​អ៊ីរ៉ង់​អស់​ដល់​ទៅម៉ឺន​គ្រាប់​ក៏​ដោយ ក៏​អ៊ីរ៉ង់​ហាក់​មិន​បាន​បាត់​បង់​សមត្ថភាព​ប្រយុទ្ធ​តតាំង​វិញទេ។

របប​ផ្តាច់​ការ​អ៊ីរ៉ង់បាន​រងរបួស បាត់​បង់​មេ​​ដឹកនាំចាស់ៗ​​ ចុះ​ខ្សោយ​​ តែ​​ក្រុមឆ្មាំ​បដិវត្ត​ជំនាន់​ថ្មីកាន់​តែ​ផ្តាច់ការ​ បង្ក្រាប​រាល់​គ្រប់​ទម្រង់​នៃ​ការ​បះបោរប្រជាជន​​ ទាំង​កំពុង​រង​ការ​វាយប្រហារ​​ពី​សំណាក់​អាមេរិក​និង​អ៊ីស្រាអែល។ អ៊ីរ៉ង់​បាន​ត្រៀម​លក្ខណៈ​ធ្វើ​សង្គ្រាម​តាំង​ពី​រាប់​ទសវត្សរ៍​មក​ហើយ។ ដូច្នេះ​បើ​ទោះ​បី​ជាសង្គ្រាមនៅ​​ពេល​​នេះ បាន​ធ្វើ​ឱ្យ​អ៊ីរ៉ង់ហិនហោច​ស្ទើ​រខ្ទេច​ខ្ទី​​​ក៏​ដោយ​ ក៏​​រដ្ឋាភិបាល​អ៊ីរ៉ង់​នៅ​អាច​ត្រដរ​រស់​បាន​ ហើយ​អាចកំណត់​​សំណើនៃ​ការ​​ចរចា​ជាមួយ​ភាគី​បង្ក​ជម្លោះ​បាន​ទៀត។​ នេះ​ហើយ​ជាអ្វី​​ដែល​អ៊ីរ៉ង់​ចាត់​ទុក​​ថា​ជោគជ័យ។

តែ​ដោយ​ជាក់ស្តែង​ទៅ​នោះ​​ គេ​នៅ​ពុំ​ទាន់​អាច​និយាយ​អំពី​ជោគជ័យ និង​ការ​សម្រេច​បាន​សន្តិភាព​ជា​និរន្តរ៍​​បាន​នៅឡើយ​ទេ ព្រោះ​បទ​ឈប់​បាញ់​នៅ​មាន​លក្ខណៈ​ផុយ​ស្រួយ​ណាស់ ឯការ​ចរចា​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ពីរ​ថ្ងៃ​ទៀត។ ​​គ្រប់​ភាគី​ អាមេរិក អ៊ីរ៉ង់ ឬ​អារ៉ាប៊ីសាអូឌីត អាច​​ស្រែក​អបអរ​ជោគជ័យ ឬ​ប្រកាស​ថា​ជាអ្នក​ឈ្នះក៏​បាន​ តែ​សំខាន់​ អ្នក​ចាញ់​ និង​អ្នក​ខាត​បង់​ពិត​ប្រាកដ​ គឺ​ប្រជាពលរដ្ឋ​អ៊ីរ៉ង់ ដែល​ត្រូវ​រស់​ក្នុង​ភាព​ហិនហោច​ដូច​ធ្លាក់​នរក​ហើយ មិន​​បានទទួល​​សេរីភាព​ទៀត៕