អ៊ុយក្រែន​រៀបចំពិធី​បុណ្យរំឭក​វិញ្ញាណក្ខន្ធ​​ គម្រប់​​​ខួប​៤ឆ្នាំ នៃ​​សង្គ្រាម​ឈ្លាន​ពាន​របស់រុស្ស៊ី
24 February 2026

អ៊ុយក្រែន​រៀបចំពិធី​បុណ្យរំឭក​វិញ្ញាណក្ខន្ធ​​ គម្រប់​​​ខួប​៤ឆ្នាំ នៃ​​សង្គ្រាម​ឈ្លាន​ពាន​របស់រុស្ស៊ី

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

About

ថ្ងៃទី​២៤កុម្ភៈ សង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី​មកលើអ៊ុយក្រែន បាន​គ្រប់​៤ឆ្នាំ​ហើយ​។ ជាសង្គ្រាម​ដែលបានធ្វើ​ឲ្យ​ប្រែប្រួល​ទាំងស្រុង ដល់​កត្តាសន្តិសុខ និង​នយោបាយ​ការបរទេស​​​អឺរ៉ុប ក៏ដូចជា​ក្នុងពិភពលោក​ទាំងមូល​។ ខុសពី​ការមាក់ងាយ​របស់​លោកពូទីន ដែល​ថារុស្ស៊ីនឹង​​វាយផ្តួលរំលំ​អ៊ុយក្រែន​ក្នុងរយៈពេល​តែ​៣ថ្ងៃ​ តែ​៤ឆ្នាំមកនេះ ​អ៊ុយក្រែន​បាន​តស៊ូ​យ៉ាងអង់អាចក្លាហាន ដើម្បីការពារទឹកដី​និងអធិបតេយ្យភាពរបស់ខ្លួន​។​ តែទន្ទឹមនឹងនេះ នៅក្នុង​សង្គ្រាម​៤ឆ្នាំមកនេះ ប្រជាជន​អ៊ុយក្រែន​បានរស់រងទុក្ខវេទនា​ ស្លាប់ និងរបួសច្រើនម៉ឺននាក់​។

ដូចឆ្នាំមុនៗ ថ្នាក់ដឹកនាំ​ស្ថាប័នសហភាពអឺរ៉ុប និង​ថ្នាក់ដឹកនាំប្រទេសសមាជិក​អឺរ៉ុបច្រើននាក់ បានធ្វើដំណើរទៅទីក្រុង​កៀ​វ ដោយជិះរថភ្លើងចេញពីប្រទេសប៉ូឡូញ ដើម្បីចូលរួម​ពិធីបុណ្យ​ខួប​គម្រប់​៤ឆ្នាំ​ នៃ​សង្គ្រាមឈ្លានពានរបស់រុស្ស៊ី​មកលើអ៊ុយក្រែន​។ វាគឺជាឱកាស ដែល​អឺរ៉ុបចង់បញ្ជាក់ប្រាប់អ៊ុយក្រែនថាអឺរ៉ុបនៅតែបន្តគាំទ្រ ជួយអ៊ុយក្រែន​ជានិច្ច​ មិនថាសង្គ្រាមនេះ​អូសបន្លាយយូរប៉ុណ្ណា។

អឺរ៉ុបប្តេជ្ញាបន្ត​ជួយអ៊ុយក្រែន

ចាប់តាំងពីលោកដូណាល់ ត្រាំ បានត្រឡប់ចូលមក​កាន់អំណាច គឺសហរដ្ឋអាមេរិក​លែងជួយ​អ៊ុយក្រែនទៀតហើយ។ អ្វីដែលលោកដូណាល់ ត្រាំ ជួយគឺបានត្រឹមតែ​អនុញ្ញាត​ឲ្យ​ក្រសួង​ការពារជាតិអាមេរិក លក់គ្រឿងសព្វាវុធនិងសម្ភារៈយោធាខ្លះ ដែល​អឺរ៉ុបគឺជាអ្នកចេញប្រាក់ទិញ​។ បច្ចុប្បន្ននេះ គឺអឺរ៉ុប​ដែលជាអ្នកផ្តល់ជំនួយថវិកាសឹងតែទាំងស្រុង​​ ទៅ​ឲ្យអ៊ុយក្រែន​​ ដើម្បីប្រយុទ្ធ​តតាំងនឹង​ការឈ្លានពាន​របស់រុស្ស៊ី​។ អឺរ៉ុបជួយ​អ៊ុយក្រែនដោយ​ក្តីអាណិតអាសូរពិតមែនហើយ តែអឺរ៉ុប​ក៏ចង់អរគុណអ៊ុយក្រែនដែរ ព្រោះ​អ៊ុយក្រែនជាអ្នកច្បាំង​ទប់រុស្ស៊ី​ មិន​ឲ្យរុលចូល​មកឈ្លានពាន​ទ្វីបអឺរ៉ុបទាំងមូល​។

សូមបញ្ជាក់ថា ផ្អែកតាម​តួលេខរបស់វិទ្យាស្ថាន Kiel នៅអាល្លឺម៉ង់ ៤ឆ្នាំមកនេះ អឺរ៉ុប​បានចំណាយ​​ប្រាក់ជួយអ៊ុយក្រែន តាមរយៈការទិញគ្រឿងសព្វាវុធនិងចំណាយ​ផ្សេងៗ ប្រមាណ​ ២០១ពាន់​លានអឺរ៉ូ​រួចហើយ។ ហើយ បច្ចុប្បន្ននេះ អឺរ៉ុបបានសន្យាជួយផ្តល់ប្រាក់ ចំនួន​១៧៨​ពាន់លានអឺរ៉ូថែមទៀត។​

លោក​ហ្សេឡេនស្គី៖ "ពូទីន​មិនបានឈ្នះសង្គ្រាមទេ!" 

ព្រឹកថ្ងៃទី​២៤កុម្ភៈ នៅទីក្រុងកៀវ លោក​ប្រធានាធិបតី​អ៊ុយក្រែន បានទទួលស្វាគមន៍​ថ្នាក់ដឹកនាំអឺរ៉ុប នៅ​ក្នុងពិធីបុណ្យរំឭកវិញ្ញាណក្ខន្ធ​ទាហានពលី និង​ជនស៊ីវីលអ៊ុយក្រែន ដែលបាន​ស្លាប់ដោយសារ​តែ​សង្គ្រាម​​ឈ្លានពាន​​របស់រុស្ស៊ី​។ កាលពីល្ងាចថ្ងៃទី​២៣កុម្ភៈ​ លោក​ប្រធានាធិបតី​ហ្សេឡេនស្គី បានបង្ហោះសារជាវីដេអូមួយ​ ដែល​លោក​បានថ្លែងកោតសរសើរ និងអរគុណចំពោះវីរភាពរបស់យុទ្ធជនអ៊ុយក្រែន ក៏ដូចជាទឹកចិត្តតស៊ូរបស់ប្រជាជនអ៊ុយក្រែនគ្រប់ៗរូប​។ ជាការតស៊ូដ៏អង់អាចក្លាហាន ពុះពារ​ជំនះគ្រប់ការលំបាក ទោះសត្រូវខំប្រឹងវាយបំបាក់យ៉ាងណា​។

កាលពី​៤ឆ្នាំមុន ពូទីន​បាន​ប្រកាស​អះអាងថា នឹងផ្តួលរំលំ​​រដ្ឋធានី​​កៀវក្នុងរយៈពេល តែ​​៣ថ្ងៃ​។ ដូច្នេះ​យើងឃើញហើយ ថា​ការតស៊ូរបស់យើងរឹងមាំកម្រិតណា ​​ព្រោះ៤ឆ្នាំមកនេះ​យើងនៅតែឈរដដែល​​ ​។ នៅពីក្រោយ​ពាក្យ​ពេចន៍ទាំងនេះ គឺមានជនរួមជាតិ​យើងរាប់​លាននាក់ ​ដែល​មានសេចក្តីប្តេជ្ញា​​ក្លាហានដ៏ធំធេង និង​ការពុះពារ​ជំនះ​តស៊ូ មិនថាលំបាកវេទនាកម្រិតណា​។

យើង​បាន​ការពារឯករាជ្យរបស់ជាតិយើង យើងមិនបានបាត់បង់អធិបតេយ្យភាពរបស់យើងទេ។ ចំណែក​ពូទីនវិញ ក៏មិនបាន​សម្រេច​កម្មវត្ថុ​របស់ខ្លួនដែរ។ រុស្ស៊ី​មិនអាចបំបាក់​កម្លាំង​សាមគ្គីតស៊ូរបស់ប្រជាជាតិអ៊ុយក្រែនបានឡើយ​។​ រុស្ស៊ី​មិនបានឈ្នះសង្គ្រាមទេ ព្រោះយើងបាន​រក្សាការពារ​អ៊ុយក្រែន​រហូតមក​​។ យើងនឹងបន្តតស៊ូដល់ដង្ហើមចុងក្រោយ ដើម្បី​កសាងសន្តិភាព​ឡើងវិញ ហើយ​ស្វែងរកយុត្តិធម៌ជូនជាតិយើង​។

អ៊ុយក្រែនស្លាប់ជនស៊ីវីល​​ ​១៥០០០នាក់ និងទាហានយ៉ាងហោច​ ៥៥០០០នាក់​

ផ្អែកតាមតួលេខចុងក្រោយ​ ប្រមូលដោយ​អង្គការសហប្រជាជាតិ សង្គ្រាម៤ឆ្នាំមកនេះ បានផ្តាច់ជីវិតប្រជាជនស៊ីវីល​អ៊ុយក្រែន ចំនួន​​១៥០០០នាក់ និង​របួស​ពិការ​ ចំនួនប្រមាណ​​ ៤០៦០០នាក់។  តែតួលេខជាក់ស្តែង ត្រូវគេជឿថាអាចមានច្រើនលើសនេះ ព្រោះថា​មានតំបន់ច្រើនទៀតដែលនៅក្នុងសមរភូមិ ឬស្ថិតក្នុងដៃគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី ដែលគេមិនអាចទៅស្រង់ស្ថិតិបាន​។ ប្រជាជនអ៊ុយក្រែន ប្រមាណ​៦លាននាក់ បានភៀសខ្លួនទៅជ្រកនៅប្រទេសផ្សេងៗ។ ចំណែក​ខាងទាហានអ៊ុយក្រែនវិញ លោក​ហ្សេឡេនស្គី បាន​បញ្ជាក់កាលពីដើមខែកុម្ភៈ​នេះ ថាមានស្លាប់ចំនួន​ ៥៥០០០នាក់ គិតចាប់ពី​ខែកុម្ភៈឆ្នាំ​២០២២មក​។ តែចំនួននេះ គឺមិនទាន់រាប់ទាហានបាត់ខ្លួន​ច្រើនពាន់នាក់ទៀត។

ដោយឡែក ខាងរុស្ស៊ីវិញ កងទ័ពរុស្ស៊ី​បន្ត​រក្សាការសម្ងាត់ មិនដែលបញ្ចេញតួលេខ​ផ្លូវការទេ​។ វាគឺជាទម្លាប់នៃរបបផ្តាច់ការ ដែលតែងតែលាក់ព័ត៌មាន។ ក៏ប៉ុន្តែ បើផ្អែកតាម​បណ្តាញព័ត៌មាន​BBC ជាភាសារុស្ស៊ី និងបណ្តាញព័ត៌មានរុស្ស៊ី Mediazona គឺយ៉ាងហោចមានទាហានរុស្ស៊ីស្លាប់ ​១៧៧០០០នាក់​។ មានសាក្សីទាហាន​រុស្ស៊ីច្រើននាក់ ដែលបានអះអាងថា មេទាហាន​រុស្ស៊ី​បាញ់គ្រាប់បណ្តេញ​ឲ្យ​កូនទាហានតូចៗរត់ចូលសមរភូមិ​ នរណាដែលមិន​ទៅគេបាញ់ចោលតែម្តង។

ផ្អែកតាម តួលេខ​ប៉ាន់ស្មាន របស់​ ​Center for Strategic and International Studies មានទាហានរុស្ស៊ីស្លាប់ ​មិនក្រោម​ ៣២៥០០០នាក់ទេ។ រីឯ​ទាហានអ៊ុយក្រែនវិញ​​ អាចស្លាប់​ចន្លោះពី ១សែន ទៅ​១សែន​៤ម៉ឺននាក់ គិតពីឆ្នាំ​២០២២មក។ វាគឺជាទំហំស្លាប់បាត់បង់ជីវិតមនុស្ស​ដ៏ច្រើនសន្ធឹក ដើម្បីតែមហិច្ឆតារបស់​លោកពូទីន​ ដែលអះអាងថា​នឹងផ្តួលរំលំអ៊ុយក្រែនត្រឹមតែប៉ុន្មានថ្ងៃ​។ តែមកទល់ពេលនេះ​ ៤ឆ្នាំហើយ កងទ័ពរុស្ស៊ីដែលល្បីថាធំជាងគេសឹងមួយពិភពលោក រុលទៅមុខយ៉ាងលំបាក ហើយ​ត្រូវយកទាហានស៊ីឈ្នួល ​មកពីប្រទេសផ្សេងមកជួយថែម​ទៀត​។​

ការចរចាសន្តិភាព​គ្មានលទ្ធផល

គួរបញ្ជាក់ថា ប្រមាណ​១ឆ្នាំកន្លងមកនេះ រដ្ឋបាលរបស់​លោកដូណាល់ ត្រាំ បាន​ដើរតួនាទី​អះអាងថាចង់សម្របសម្រួល​ឲ្យ​មានកិច្ចព្រមព្រៀងសន្តិភាព​ ឲ្យ​បានឆាប់បំផុត​។ ការចរចា​គ្នារវាងអ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្តើមធ្វើច្រើន​ដងមកហើយ តែគិតមកទល់ពេលនេះ គឺ​គ្មានលទ្ធផលទេ ក្រៅតែពីការ​ដោះដូរអ្នកទោសគ្នា​។ ការចរចានៅតួកគី នៅអាប៊ូដាប៊ី ហើយថ្មីៗនេះ នៅហ្សឺណែវទៀត គឺសុទ្ធតែគ្មានលទ្ធផល​ ព្រោះថា​អ្វី​ដែល​រុស្ស៊ីទាមទារ​ គឺអ៊ុយក្រែន​មិនអាចទទួលយកបាន​។ រុស្ស៊ីទាមទារ​ឲ្យ​អ៊ុយក្រែន ប្រគល់ទឹកដី​តំបន់ដុនបាសទាំងស្រុងទៅ​ឲ្យខ្លួន ទាំងដែលការពិតជាក់ស្តែង គឺ​បច្ចុប្បន្ននេះ កងទ័ពរុស្ស៊ីមិនគ្រប់គ្រងតំបន់នេះទាំងស្រុង​ទេ។ ជារួម បច្ចុប្បន្ននេះ កងទ័ពរុស្ស៊ី​គ្រប់គ្រងទឹកដីអ៊ុយក្រែន ប្រមាណ​២០% ដែលក្នុងនោះគឺ​១ភាគ៣ គឺរុស្ស៊ីចូល​មកដណ្តើមយកតាំងតែពី​មុនឆ្នាំ​២០២២ម៉្លេះ​។

បញ្ហាកាត់ទឹកដីហុចទៅឲ្យរុស្ស៊ី ដើម្បីបានសន្តិភាព វាគឺជារឿងឈឺចាប់ ដែលអ៊ុយក្រែនមិនអាចធ្វើទៅបានដោយងាយ​។ ហើយជាងនេះទៀត អ៊ុយក្រែននៅតែបារម្ភថា បើប្រគល់ឲ្យ​ទៅរុស្ស៊ីថ្ងៃនេះ តើច្បាស់ទេ ថាថ្ងៃស្អែករុស្ស៊ីនឹងមិន​មកវាយឈ្លានពាន​បន្តទៀត? ត្រង់ចំណុចនេះហើយ ដែល​អ៊ុយក្រែន​បន្តទាមទារ ឲ្យមានយន្តការ​ការពារសន្តិសុខអ៊ុយក្រែន​ឲ្យ​បានរឹងមាំបំផុតទៅថ្ងៃអនាគត ដើម្បី​ទប់កុំ​ឲ្យ​រុស្ស៊ី​ស្រក់ទឹកមាត់ ឃ្លានចង់បានទឹកដីអ៊ុយក្រែនទៀត។ យន្តការនេះ គឺមានជាអាទិ៍ ជា​ការ​ធានាការពារសន្តិសុខពី​សម្ព័ន្ធមិត្ត​លោកខាងលិច ដែលមានសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបស្ម័គ្រចិត្ត។

តែ​លោកពូទីន​ បានបន្តបដិសេធជានិច្ច ថាបើមានកងកម្លាំងសម្ព័ន្ធមិត្តលោកខាងលិចចូលទៅអ៊ុយក្រែន នោះរុស្ស៊ីនឹងចាត់ទុកថា វាជាការគំរាមមកលើសន្តិសុខរុស្ស៊ី​។ យ៉ាងណាមិញ នៅព្រឹកថ្ងៃខួប​គម្រប់​៤ឆ្នាំនៃសង្គ្រាមនេះ វិមានក្រេមឡាំងបានប្រកាសថា រុស្ស៊ីនឹងបន្តធ្វើសង្គ្រាម​រហូតទាល់តែសម្រេចកម្មវត្ថុដូចការគ្រោងទុក។ ដូចអ្វីដែល​លោកហ្សេឡេនស្គី ធ្លាប់បានលើកឡើងច្រើនដង គឺ​​ធាតុពិតទៅ​រុស្ស៊ី​គ្មានចេតនាចង់បានសន្តិភាពទេ។ លោកហ្សេឡេនស្គី បានអះអាងថា​​​លោកពូទីន ធ្វើល្បិចចរចា​តាមការហៅរបស់លោកដូណាល់ ត្រាំ​ គឺជាលេសដើម្បីចំនេញពេលវេលាតែប៉ុណ្ណោះ។ ចេតនាពិតប្រាកដរបស់​លោកពូទីន គឺចង់​លេបត្របាក់ទឹកដីអ៊ុយក្រែនទាំងមូល ហើយឈានទៅគ្របឥទ្ធិពលបន្តិចម្តងៗ លើបណ្ដា​​ប្រទេសអឺរ៉ុបផ្សេងៗទៀត ដូចសម័យសហភាពសូវៀត​៕​