ដើម្បីស្ថិរភាព និងជាតិនិយម ប្រជាជន​ថៃ​បោះឆ្នោតជ្រើសរើស​​បក្សភូមិចៃថៃរបស់លោក​អនុធិន ឆានវីរៈគូន
09 February 2026

ដើម្បីស្ថិរភាព និងជាតិនិយម ប្រជាជន​ថៃ​បោះឆ្នោតជ្រើសរើស​​បក្សភូមិចៃថៃរបស់លោក​អនុធិន ឆានវីរៈគូន

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

About

មួយថ្ងៃក្រោយ​លទ្ធផលឆ្នោត​បឋម​បង្ហាញថា គណបក្ស​ភូមិចៃថៃរបស់​លោក​ទទួលជ័យជំនះ​ នៅក្នុង​ការបោះឆ្នោត​សភា​ថៃ ​កាលពី​អាទិត្យ​ទី ៨​កុម្ភៈ​ ​លោកអនុធិន ឆានវីរៈគូន​ នៅថ្ងៃចន្ទនេះ​បាន​ប្រកាស​ថា គណបក្ស​ភូមិចៃថៃ​ត្រៀម​ខ្លួន​រួចហើយ​ដើម្បីចាប់ដៃ​ជាមួយគណបក្ស​ដទៃទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ បើតាមលទ្ធផល​ឆ្នោត​បឋម​ប្រកាស​ដោយ​គណៈកម្មការជាតិ​រៀបចំការបោះឆ្នោត នៅយប់​ថ្ងៃអាទិត្យ គណបក្ស​ភូមិចៃថៃ​របស់​លោក​អនុធិន ឆានវីរៈគូន​​ទទួលអាសនៈ ជិត​២០០ នៅ​រដ្ឋសភា ដោយ​នាំមុខ​ដាច់ឆ្ងាយ គណបក្ស​ប្រាឆាឈុន ដែលជា​គណបក្ស​ចម្រើននិយម​របស់​លោក​ណាថាភុង រឿងបញ្ញាវុធ។

ជ័យជំនះ​របស់​គណបក្ស​ភូមិចៃថៃ គឺ​ជារឿង​ដែល​គេមិន​នឹកស្មានដល់ បើគេ​មើល​ទៅលើការព្យាករ និង​ការស្ទង់មតិ​កន្លងមក។

ទទួល​អាសនៈ​ប្រមាណ ១៩៣ ក្នុងចំណោម​អាសនៈសរុប​របស់​សភាចំនួន ៥០០ គណបក្ស​ភូមិចៃថៃ របស់លោកអនុធិន ឆានវីរៈគូន​ទទួលបាន​​សំឡេងឆ្នោតច្រើន នាំមុខគូប្រជែង ជាពិសេស​គណបក្ស​ប្រាឆាឈុន។ ​​គណបក្ស​ភូមិចៃថៃ​ទទួលបាន​លទ្ធផល​ល្អខ្លាំង មិនធ្លាប់មាន​ គិត​ចាប់តាំង​ពីគណបក្សនេះ ​បង្កើតឡើង​កាលពី​ឆ្នាំ ២០០៨។  នៅ​ក្នុងការបោះឆ្នោត​មុនៗ ដូចជា​នៅ​ឆ្នាំ ​២០២៣ បក្ស​ភូមិចៃថៃបានទទួលតែ​​៧១។ ដោយសារតែ​គណបក្ស​ភូមិចៃថៃ​របស់​លោក​បានសំឡេង​តិច ​លោកអនុធិន​ធ្លាប់ត្រូវ​គេ​ប្រៀបប្រដូចទៅ​នឹង​សត្វបង្គួយ ប្តូរពណ៌ ព្រោះតែចង់បាន​​តំណែង​រដ្ឋមន្រ្តី​របស់​ក្រសួង ក្នុង​រដ្ឋាភិបាលចម្រុះ ដែល​បក្សភូមិចៃថៃបាន​ចូលរួម​ជាមួយគណបក្ស​ធំៗ ដូចជា គណបក្ស​ភឿថៃជាដើម។

ប៉ុន្តែ លើកនេះ គណបក្ស​ភូមិចៃថៃ​តែម្នាក់​ឯង ទទួលបាន​អាសនៈច្រើនជាងគេ ជិត​២០០ និង​មានអំណាច​ទៅជ្រើសរើស​បក្ស​ផ្សេង​ឲ្យមកបង្កើតរដ្ឋាភិបាលចម្រុះជាមួយខ្លួន។ បក្ស​ភូមិចៃថៃ ទទួលបានសំឡេង​ឆ្នោតច្រើនយ៉ាងដូច្នេះ ក៏ព្រោះតែ គណបក្ស​នេះ​ចេះបត់បែន​តាមកាលៈទេសៈ ដូច​ជា​​លោកអនុធិនអីចឹង។

ធ្លាប់តែ​មានជំហរ​កណ្តាល គណបក្សភូមិចៃថៃ​បាន​ងាក​ទៅចាប់ដៃ​ជាមួយ​អ្នកនយោបាយ​អភិរក្ស​និយម គាំទ្រ​ក្រុមយោធា និង​ចេញមុខ​ ការពារ​ព្រះរាជបល្ល័ង្ក ប្រឆាំង​ដាច់ខាត​រាល់ការប៉ុនប៉ង​ធ្វើកំណែទម្រង់​ច្បាប់ជេរប្រមាថព្រះមហាក្សត្រ​ជាដើម។

មួយវិញទៀត ការផ្ទុះសង្រ្គាម​ជាមួយ​កម្ពុជា ក៏ជា​ហេតុផល​មួយដែលរុញច្រាន​ឲ្យ​បក្ស​ភូមិចៃថៃ​របស់​អនុធិន​ឈ្នះឆ្នោតលើកនេះដែរ។ នៅក្នុងយុទ្ធនាការ​ឃោសនា​បោះឆ្នោតកន្លង លោកអនុធិន បានលើកយក​​បញ្ហា​សន្តិសុខ ការការពារ​បូរណភាពទឹកដី មក​បញ្ចុះបញ្ចូល​ប្រជាជន។ លោកធ្លាប់បាន​និយាយ​ថា បើសិន​លោកឈ្នះឆ្នោត នោះលោក​នឹង​សាងសង់​ជញ្ជាំង​នៅព្រំដែន​ជាមួយកម្ពុជា និង​ផ្តល់​មធ្យោបាយ​គ្រប់បែបយ៉ាងទៅឲ្យកងទ័ព​ដើម្បី​ការពារ​ទឹកដីថៃ។ ​នៅក្នុងកាលៈទេសៈដែលប្រទេស​កំពុងមាន​បញ្ហា​ជម្លោះព្រំដែនជាមួយ​កម្ពុជា និង​យល់ថា បញ្ហា​សន្តិសុខ​នៅព្រំដែនជា​អាទិភាព​ចំបង​របស់ប្រជាជន លោក​អនុធិន​ចេះ​ច្បិច​យក​បញ្ហាជម្លោះព្រំដែនខ្មែរថៃធ្វើជាយុទ្ធសាស្រ្ត ទាក់ទាញ​អ្នកជាតិនិយមថៃ។ នៅក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃអាទិត្យម្សិលមិញ លោក​អនុធិន​និយាយ​ថា “ជាតិនិយម ស្ថិតនៅក្នុងបេះដូងរបស់​បក្ស​ភូមិចៃថៃ​ជានិច្ច”​​។​

​​ បក្ស​ភូមិចៃថៃ របស់លោកអនុធិនទទួលបាន​អាសនៈ​​ច្រើននៅរដ្ឋសភា ​ក៏ព្រោះតែ​ ​​បក្ស​ភឿថៃធ្លាក់ចុះខ្សោយ។ ដោយសារ​តែរឿងអាស្រូវ​ដែលមាន​ជាប់ពាក់ព័ន្ធគ្នា​រវាង​គ្រួសារ​របស់​លោកថាក់ស៊ីន និងអតីតនាយករដ្ឋមន្រ្តីកម្ពុជា​ លោកហ៊ុន សែន​​ បក្ស​ភឿថៃ​ ធ្លាក់​​ចុះខ្សោយ បាត់​បង់ប្រជាប្រិយភាព​ខ្លាំង។ លទ្ធផល​ឆ្នោត​បង្ហាញថា នៅតំបន់​ភាគខាងជើង​ប្រទេស​ ដែលសំបូរដោយ​ក្រុមអាវក្រហម គាំទ្រ​បក្ស​ភឿថៃរបស់​លោក​ថាក់ស៊ីន ឥលូវនេះ បាន​ប្រែក្លាយទៅជា​ក្រុមអាវខៀវ របស់​គណបក្ស​ភូមិចៃថៃ។

គណបក្ស​ប្រាឆាឈុន ត្រូវ​បរាជ័យ បះជើង ព្រោះតែ​នយោបាយ​កំណែទម្រង់មិនចំកាលៈទេសៈ

ជាមួយសន្ទុះគាំទ្រ​ និងភាពស្វាហាប់​របស់​ចលនា​យុវជន​របស់ខ្លួន ដែលចង់ឲ្យមានការផ្លាស់ប្តូរក្នុងសង្គម​ថៃ បក្ស​ប្រាឆាឈុន​ធ្លាប់​មាន​ទំនុកចិត្ត​ថា នឹង​ទទួលជ័យជំនះ​ដូចលើកមុនៗ ឬ​បានសំឡេងឆ្នោត​ច្រើន​ ផ្តាច់មុខ​ទៀតផងដើម្បី​បង្កើត​រដ្ឋាភិបាល​តែម្នាក់ឯង។ ប៉ុន្តែ គណបក្ស​ប្រាឆាឈុន​ត្រូវ​ខកចិត្ត ព្រោះ​ថា លទ្ធផល​ឆ្នោត​លើកនេះមិនល្អទាល់តែសោះ។ បក្ស​ប្រាឆាឈុន​ទទួល​បាន​១១៨អាសនៈ តិចជាង​បក្ស​ភូមិចៃថៃ សឹង​ពាក់កណ្តាល។ បក្ស​ភូមិចៃថៃ​ឈ្នះឆ្នោត ក៏ព្រោះតែ​ឆ្លៀតកេងចំណេញពីជម្លោះព្រំដែន​ជាមួយកម្ពុជា។ ប៉ុន្តែ គណបក្ស​ប្រាឆាឈុន​ ទទួលបរាជ័យ ​ក៏ព្រោះតែ​គណបក្ស​ហ៊ាន​សន្យាធ្វើ​​កំណែទម្រង់ កងទ័ព តាមរយៈ​ការកាតបន្ថយចំនួន​ឧត្តមសេនីយ៍ជាដើម និង​លុបចោល​កាតព្វកិច្ច​យោធា ដែលជាការចង់បាន​របស់​យុវជន។ គេអាច​ថា ការសន្យា​របស់​បក្ស​ប្រាឆាឈុនដើម្បីធ្វើកំណែទម្រង់​កងទ័ព ធ្វើឡើង​មិន​ចំ​កាលៈទេសៈ។ លោកអនុធិននៅធ្លាប់បាន​ចោទប្រកាន់​ថា បក្សប្រាឆាឈុន​គ្មាន​ស្នេហាជាតិ​សូម្បីបន្តិច។ នៅពេល​ប្រទេស​កំពុងត្រូវការ​កងទ័ពដើម្បី​ការពារ​ទឹកដី បក្ស​នេះ បែរជា​សំដៅ​រឹតត្បិត​កងទ័ពទៅវិញ។​

នៅក្នុង​សន្និសីទកាសែត​ កាលពីយប់ថ្ងៃអាទិត្យ បេក្ខជននាយករដ្ឋមន្រ្តី​គណបក្ស​ប្រាឆាឈុនលោក ណាថាភុង រឿងបញ្ញាវុធ​បាន​ប្រកាស​ទទួលស្គាល់បរាជ័យ ប៉ុន្តែ បាន​ប្រាប់អ្នកគាំទ្រ​របស់ខ្លួន​កុំ​ឲ្យ​បាត់បង់ក្តីសង្ឃឹម។ គណបក្ស​ប្រាឆាឈុន​​បានប្រកាសដែរថា នឹង​មិន​ចូលក្នុង​រដ្ឋាភិបាល​ចម្រុះថ្មី ប៉ុន្តែ នឹង​ស្ថិតនៅ​ក្រៅរដ្ឋាភិបាល ក្នុងនាមជាបក្ស​ប្រឆាំង​នៅរដ្ឋសភា។

ជ័យជំនះរបស់លោក​​អនុធិន ឆ្លុះបញ្ចាំងពីការកើនឡើងនៃ​គំនិត​ជាតិនិយម​នៅក្នុង​ចំណោមប្រជាជនថៃ

 បក្សភូមិចៃថៃរបស់​លោកអនុធិនឈ្នះឆ្នោត មានន័យថា ប្រជាជនថៃ​ផ្តោតអាទិភាពទៅលើ​ស្ថិរភាពនយោបាយ ជាជាង នយោបាយ​កំណែទម្រង់ ដែលស្នើឡើង​ដោយ​បក្ស​ប្រាឆាឈុន ដឹកនាំ​ដោយ​ចលនា​យុវជន​ដើម្បីប្រជាធិបតេយ្យ។ បើសិន គេ​ជ្រើសរើសយក​បក្សប្រាឆាឈុន​ដែល​មាននិន្នាការតឹងរ៉ឹង​ជាមួយ​ព្រះរាជវាំង និង​ក្រុមយោធា នោះ ជាថ្មីម្តងទៀត ថៃ​នឹង​ជួបវិបត្តិនយោបាយ ព្រោះ​ក្រុមអភិរក្ស​និយម ប្រាកដជា​រក​មធ្យោបាយ​ដើម្បី​រាំងខ្ទប់មិនឲ្យបក្ស​ប្រាឆាឈុន​អាច​បង្កើតរដ្ឋាភិបាល។ ដូច្នេះ ក្នុងបរិបទ​ដែលប្រទេស​ ​ កំពុងជាប់មានជម្លោះជាមួយ​កម្ពុជា ហើយ​បញ្ហា​ព្រំដែនជាអាទិភាពជាតិផង ​ប្រជាជនថៃបោះឆ្នោត​គាំទ្រ​លោក​អនុធិន ដែល​គេ​មើលថា សក្តិសមដឹកនាំ​ប្រទេស ហើយ​លោកអនុធិនប្រាកដជា​នឹង​ទទួលបាន​ការគាំទ្រ​ពីពួកយោធា ក្រុមអភិរក្ស ​ឲ្យបង្កើត​រដ្ឋាភិបាល ដោយ​គ្មានការរំខាន។

 

ជ័យជំនះ​របស់​បក្ស​ភូមិចៃថៃ​នឹងមិនធ្វើឲ្យមាន​ការផ្លាស់ប្តូរច្រើនទេ។ ថៃ​នឹង​មាន​នយោបាយ​ដូចមុន ដូចកាលពីប៉ុន្មានខែមុន ពោល នៅពេល​លោកអនុធិន ឡើង​ធ្វើជា​នាយករដ្ឋមន្រ្តី។ ​ចរន្តជាតិនិយម​កាន់តែ​ឡើងខ្លាំង ចំណែកនយោបាយ​​សេដ្ឋកិច្ចនៅតែដដែល។ លោកអនុធិននៅតែបន្តនយោបាយ​តឹងរ៉ឹង​ដាក់កម្ពុជា។ នៅក្រោយទទួលជ័យជំនះឆ្នោត លោក​បានបញ្ជាក់សាជាថ្មីថា លោកនឹង​នៅតែ​សង់ជញ្ជាំង​នៅព្រំដែន​ខ្មែរថៃ។ លោកនឹង​ពង្រឹង​សមត្ថភាពកងទ័ព និង​ជឿថា កងទ័ពថៃ​អាច​យកឈ្នះលើ​អ្នកណាៗទាំងអស់។

គណបក្សភូមិចៃថៃ អាច​ចាប់ដៃគូជាមួយ​ភឿថៃ ឬ​បក្ស​ក្លាថាំ​ដើម្បីបង្កើតរដ្ឋាភិបាល​ចម្រុះ​

គិតត្រឹម​ព្រឹកថ្ងៃចន្ទ ការរាប់សន្លឹកឆ្នោត​ប្រមាណ​៩៤%​បង្ហាញថា គណបក្ស​ភូមិចៃថៃ​អាចទទួល​អាសនៈ​១៩៣ ខណៈ​គណបក្ស​ប្រាឆាឈុន បានទទួល​១១៨ និង​គណបក្សភឿថៃ​បាន​ចំនួន​៧៤។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​Reutersដោយ​ផ្អែកទៅលើ​ទិន្នន័យ​របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ។

គេប៉ាន់ប្រមាណថា បក្ស​ភូមិចៃថៃ​នឹង​អាច​ទទួល​អាសនៈច្រើនជាងនេះ នៅពេល​គេរាប់សន្លឹកឆ្នោត ទី​២ ​សម្រាប់​អាសនៈ​ចំនួន​១០០ទៀតរបស់​រដ្ឋសភា។ តាមគម្រោង គណៈកម្មាធិការរៀបចំការបោះឆ្នោត​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី ៩​មេសា។ បន្ទាប់ពីនោះ សភា​មានរយៈពេល​១៥ថ្ងៃ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សភា។ ដំណើរការបោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្រ្តី​​នឹង​អាច​ចាប់ផ្តើម នៅក្នុងនោះ បេក្ខជននាយករដ្ឋមន្រ្តី​​​ ត្រូវការសំឡេងគាំទ្រ ច្រើន​២៥១។ ​គណបក្ស​ភូមិចៃថៃ អាច​មានជម្រើស​ច្រើនដើម្បីបង្កើតរដ្ឋាភិបាល ដោយចាប់ដៃ​ជាមួយបក្ស​ភឿថៃ ឬ​បក្ស​ក្លាថាំ ដែលជា​ដៃគូ។ អនុប្រធាន​បក្ស​ភូមិចៃថៃធ្លាប់​បង្ហើបថា ចង់​ចាប់ដៃគូជាមួយ​បក្សប្រាឆាឈុន ព្រោះតែគេចូលចិត្តនយោបាយ​របស់​គណបក្ស​នេះ ប៉ុន្តែ ភូមិចៃថៃ​ចង់ឲ្យ​ប្រាឆាឈុន​លះបង់ចោល​មហិច្ឆតា​ចង់ធ្វើ​កំណែទម្រង់​ដែលប៉ះពាល់ដល់​ព្រះរាជបល្ល័ង្កថៃ៕​